យោធាកូរ៉េខាងត្បូង បានរងការរិះគន់យ៉ាងខ្លាំងចំពោះវិន័យដ៏ធូររលុង បន្ទាប់ពីមានឧបទ្ទវហេតុធំៗជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងកំហុសចុងក្រោយបំផុត ពាក់ព័ន្ធនឹងការច្រឡំទម្លាក់គ្រាប់កាំភ្លើង ២គ្រាប់ដោយកងទ័ពអាកាស ពីយន្តហោះចម្បាំង KA-1 អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី១៨ ខែមេសា។
ឧប្បត្តិហេតុជាបន្តបន្ទាប់នេះ បានកើតឡើងស្របពេលដែលភាពទំនេរនៃតំណែងថ្នាក់ដឹកនាំនៅក្នុងយោធា ជុំវិញក្រឹត្យអាជ្ញាសឹកដ៏ចម្រូងចម្រាសនៅខែធ្នូ ដែលជំរុញឱ្យមានក្ដីបារម្ភផ្នែកសន្តិសុខ ដោយសារតែសញ្ញានៃឥរិយាបថការពាររបស់កងទ័ពចុះខ្សោយខ្លាំង។ លោក Yang Uk អ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រយោធា និងប្រព័ន្ធសព្វាវុធនៅវិទ្យាស្ថាន Asan បាននិយាយកាលពីថ្ងៃអាទិត្យ (២០ មេសា) ថា "គ្រោះថ្នាក់អចេតនាទាំងនោះ មិនគ្រាន់តែបង្ហាញពីការខ្វះវិន័យក្នុងជួរយោធាប៉ុណ្ណោះទេ ប៉ុន្តែជាកំហុសនៃការហ្វឹកហ្វឺនមិនគ្រប់គ្រាន់"។

គ្រោះថ្នាក់បន្តបន្ទាប់នោះមានដូចជា កាលពីថ្ងៃទី១៨ មេសា យន្តហោះចម្បាំងធុនស្រាល KA-1 បានច្រឡំទម្លាក់គ្រាប់កាំភ្លើង ២គ្រាប់ និងធុងសាំងទទេ២គ្រឿង អំឡុងការហ្វឹកហ្វឺនពេលយប់លើក្រុង Pyeongchang។ កាលថ្ងៃទី ១៨ មីនា យានឈ្លបយកការណ៍តាមអាកាស Heron ផលិតនៅអ៊ីស្រាអែល ដែលទ័ពអាកាសកូរ៉េខាងត្បូងបានប្រើ បានធ្លាក់ទៅបុកឧទ្ធម្ភាគចក្រចតចោលមួយគ្រឿង។
នៅពីរសប្តាហ៍មុននោះ យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង ២គ្រឿង ច្រឡំទម្លាក់គ្រាប់លើភូមិមួយនៅជិតព្រំដែនអន្តរកូរ៉េ ដោយបានធ្វើឱ្យរាប់សិបនាក់របួស ដែលភាគច្រើនជាជនស៊ីវិល។ កងទ័ពអាកាសកូរ៉េខាងត្បូង បានលើកឡើងពីកំហុសរបស់អាកាសយានិកសម្រាប់គ្រោះថ្នាក់នេះ៕

