យោងតាមរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ (២០ មេសា) បានឱ្យដឹងថា ស្លាបយោធារបស់ក្រុមហាម៉ាស ដែលជាកងពលតូច អ៊ីស អាដឌីន អាល់កាសាម (Izz ad-Din al-Qassam) បានជួលយុវជនប្រហែល ៣០.០០០នាក់ មកពីតំបន់ហ្កាហ្សា ដើម្បីចូលរួមក្នុងជួរកងកម្លាំងរបស់ពួកគេ។
បណ្ដាញអារ៉ាប៊ីសាអ៊ូឌីត Al Arabiya ដែលដកស្រង់ប្រភពប៉ាឡេស្ទីន បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ភាគច្រើននៃអ្នកត្រូវជ្រើសរើសថ្មីនោះ បានឆ្លងកាត់ការហ្វឹកហាត់ពីមុននៅក្នុងជំរំយោធាសម្ងាត់ ដែលគ្រប់គ្រងដោយស្លាបយោធាហាម៉ាស។

របាយការណ៍បន្តថា ទាហានជ្រើសរើសថ្មីនោះខ្វះជំនាញយោធាលើសពី "សង្គ្រាមទ័ពព្រៃ" ការបាញ់គ្រាប់រ៉ូកែត និងការបង្កប់គ្រឿងផ្ទុះ។ របាយការណ៍នេះមិនបានរៀបរាប់ពីពេលវេលាច្បាស់លាស់ដែលយុវជនទាំងនោះត្រូវបានជួលនោះទេ ប៉ុន្តែទំនងជាសំដៅទៅលើរយៈពេលថ្មីៗនេះនៅក្នុងសង្រ្គាមហ្កាហ្សា ដែលបានបន្តឡើងវិញកាលពីខែមុន បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងឈប់បាញ់ខែមករា។
របាយការណ៍បន្ថែមថា ក្រុមហាម៉ាស ខ្វះខាតអាវុធយ៉ាងខ្លាំង ជាពិសេសយានដ្រូន និងមីស៊ីលចម្ងាយឆ្ងាយ ហើយចាប់ផ្តើមច្នៃសំណល់ពីមីស៊ីល និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អ៊ីស្រាអែល ដើម្បីបង្កើតឧបករណ៍បំផ្ទុះ និងអាវុធកែច្នៃផ្សេងៗទៀត។ អ៊ីស្រាអែលវាយតម្លៃថា ខ្លួនសម្លាប់អ្នកប្រយុទ្ធប្រហែល ២០.០០០នាក់ នៅហ្កាហ្សា គិតត្រឹមខែមករា ក៏ដូចជាភេរវករប្រហែល ១.៦០០នាក់នៅអ៊ីស្រាអែល អំឡុងការវាយលុក ០៧ តុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស៕

