បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកអាស៊ាន AFF Championship វៀតណាមបានយកឈ្នះក្រុមក្បែររបងឡាវ ២-០ ដើម្បីឈរលេខ ២ ក្នុងពូល B។ បន្ទាប់ពីការប្រកួតដ៏តានតឹងនៅវគ្គជំរុះ World Cup ជុំទី៣ វៀតណាមគឺជាក្រុមមានប្រៀបទៅហើយទៅលើក្រុមឡាវ ដែលរៀបយុទ្ធសាស្ត្រការពារសំរាប់ការប្រកួតនេះ។

យ៉ាងណាក្តីឡាវមិនអាចទប់បានរហូតនោះទេ តែក៏អាចរក្សាសំណាញ់ឱ្យមានគ្រាប់បាល់តិចដែរ បន្ទាប់ពីគ្រាប់ដំបូងរបស់វៀតណាមធ្វើបានដោយកីឡាករ Nguyen Cong Phoung នៅនាទីទី២៦ និងមួយគ្រាប់ទៀតនៅវគ្គទី២ ដោយ Phan Van Duc នាទីទី៨៥។ វៀតណាមគួរតែមានគ្រាប់ទី៣ ទៅហើយតែបាល់ ១១ម៉ែត្ររបស់ Vu Van Thanh ជួយបានដោយអ្នកចាំទីឡាវ Keo Oudone។ ចប់ការប្រកួតដែលវៀតណាមយកឈ្នះ ២-០ លើឡាវនោះគ្រូបង្គោលវៀតណាមលោក Park Hang-soo និយាយថា លោកពេញចិត្តចំពោះលទ្ធផលថ្ងៃនេះ បន្ទាប់ពីកីឡាកររបស់លោកមួយចំនួនមានរបួសពីការប្រកួតជំរុះ World Cup ហើយលោកនឹងមើលពីចំនុចខ្វះខាតថ្ងៃនេះដើម្បីរៀបយុទ្ធសាស្ត្រប្រកួតបន្ទាប់។

ចំណែកគ្រូបង្វឹកឡាវលោក V. Selvaraj ថា លទ្ធផល ២-០ នេះគឺអាចទទួលយកបាន ហើយក្រុមរបស់លោកគួរតែអាចរកគ្រាប់បាល់បាននៅចុងម៉ោងតែគ្មានសំណាង យ៉ាងណាក្តីពួកយើងកែប្រែចំនុចខ្វះខាតសំរាប់ការប្រកួតបន្ទាប់។ ប្រកួតបន្ទាប់របស់ឡាវនៅក្នុងពូល B នេះគឺត្រូវជួបក្រុមម៉ាឡេស៊ីនៅថ្ងៃទី៩ ខែធ្នូនេះឯវៀតណាមក៏ត្រូវជួបម៉ាឡេស៊ីដែរតែនៅថ្ងៃទី១២ ខែដដែល៕
អត្ថបទ៖នាង សុភាវុធ