អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានចោទប្រកាន់សារព័ត៌មាន New York Times ថាជាប្រព័ន្ធផ្សព្វផ្សាយ «ស្អប់ លោកTrump» បន្ទាប់ពីសារព័ត៌មាននេះ បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានចែករំលែកផែនការសង្រ្គាមនៅយេម៉ែននៅក្នុងក្រុមជជែកទីពីរ ដែលរួមមានទាំងភរិយា បងប្អូនប្រុស និងមេធាវីផ្ទាល់ខ្លួន របស់លោក។
លោក Parnell និយាយថា «គ្មានព័ត៌មានសម្ងាត់នៅក្នុងក្រុមជជែក Signal ណាមួយនោះទេ ហើយក៏គ្មានបញ្ហាថាតើមានវិធីប៉ុន្មាន ដែលសារព័ត៌មាននេះព្យាយាមសរសេររឿងនោះដែរ។
សារព័ត៌មាន The New York Times ដោយដកស្រង់សម្តីមនុស្ស៤នាក់ដែលដឹងពីបញ្ហានេះបាននិយាយថាព័ត៌មានដែលត្រូវបានចែករំលែក «រួមមានកាលវិភាគជើងយន្តហោះសម្រាប់ យន្តហោះ F/A-18 Hornets ដាក់គោលដៅលើក្រុម ហ៊ួទី នៅប្រទេសយេម៉ែន»។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍រឿងរ៉ាវដូចគ្នានេះដែរ ដោយលើកឡើងពីប្រភពដែលដឹងអំពីបញ្ហានេះ។
បុគ្គលនោះបានប្រាប់ទីភ្នាក់ងារថា ក្រុមជជែកទីពីរ រួមមានមនុស្សរាប់សិបនាក់ ហើយត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដំណើរការបញ្ជាក់របស់លោកដើម្បីពិភាក្សាអំពីបញ្ហារដ្ឋបាល ជាជាងការរៀបចំផែនការយោធាលម្អិត។