ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃអាទិត្យថា ៦៩% នៃតំបន់ហ្កាហ្សាស្ទ្រីប គឺស្ថិតនៅក្រោមការបញ្ជាឲ្យជម្លៀសយ៉ាងសកម្មរបស់អ៊ីស្រាអែល។
អង្គការ UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានចេញការបញ្ជាឲ្យជម្លៀសយ៉ាងហោចណាស់ចំនួន ២០កន្លែង នៅចន្លោះថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ១៤ ខែមេសា ដោយបន្ថែមថា ទីភ្នាក់ងារនេះ«បច្ចុប្បន្នកំពុងប្រតិបត្តិការជម្រកចំនួន ១១៥ នៅទូទាំងតំបន់ហ្កាហ្សា ដោយផ្តល់ជម្រកដល់ជនភៀសខ្លួនជាង ៩០.000 នាក់»។
អង្គការនេះ បាននិយាយថា មនុស្សប្រហែល ៤២០.000 នាក់ ត្រូវបានផ្លាស់ទីលំនៅម្តងទៀត ចាប់តាំងពីបទឈប់បាញ់បានដួលរលំ នៅថ្ងៃទី ១៨ ខែមីនា ដោយព្រមានថា ស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា កាន់តែអាក្រក់ឡើងៗ ដោយសារតែការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងការបិទផ្លូវជំនួយរយៈពេល ៧សប្តាហ៍។
UNRWA បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទឈប់បាញ់ដំបូង ការដោះលែងចំណាប់ថ្នូរទាំងអស់ និងលំហូរឥតឈប់ឈរនៃជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ពាណិជ្ជកម្ម ទៅកាន់តំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានរារាំងការចូលនៃជំនួយមនុស្សធម៌ទាំងអស់ ចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ០២ ខែមីនា។ បន្ទាប់មក ប្រទេសនេះ បានបញ្ចប់បទឈប់បាញ់រយៈពេល ២ខែ ជាមួយក្រុមហាម៉ាស នៅថ្ងៃទី ១៨ ខែមីនា ហើយបានបន្តការវាយលុកតាមផ្លូវអាកាស និងតាមផ្លូវគោកយ៉ាងសាហាវ ទៅលើដែនដីនេះ។