ក្នុងអំឡុងពេលនៃកិច្ចចរចាដោយប្រយោលលើកទី២ ជាមួយសហរដ្ឋអាមេរិកនៅទីក្រុងរ៉ូម គណៈប្រតិភូអ៊ីរ៉ង់ បានសង្កត់ធ្ងន់ទៅដល់ភាគីអាមេរិកថា ខ្លួនចាត់ទុកផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមឆ្នាំ ២០១៥ (JCPOA)ជា «មេរៀនមួយដែលខ្លួនបានរៀន» ហើយគ្មានចេតនាវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះ វិញទេ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស Abbas Araghchi។
នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើបណ្តាញសង្គម X លោក Araghchi បានពន្យល់ថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ លែងចាត់ទុក JCPOA ជាកិច្ចព្រមព្រៀង ដែលមានអត្ថប្រយោជន៍ទៀតហើយ។ សម្រាប់ពួកគេ អ្វីដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនេះគឺគ្រាន់តែជា«មេរៀនដែលបានរៀនសូត្រប៉ុណ្ណោះ។
លោកបានកត់សម្គាល់ថា ខណៈពេលដែលសុទិដ្ឋិនិយមមួយចំនួនអំពីលទ្ធភាពនៃការចរចាទាំងនេះ នៅតែបន្ត វានៅតែមានការថ្លឹងថ្លែងយ៉ាងហ្មត់ចត់។ លោកក៏បានបញ្ជាក់ផងដែរថា ការរីកចម្រើនមួយចំនួន ត្រូវបានធ្វើឡើង ក្នុងការបង្កើតក្របខណ្ឌការងារមួយសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត។
កិច្ចចរចាជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចពិភាក្សាជិត ៤ ម៉ោងនៅទីក្រុងរ៉ូម ដែលសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi ។ នៅក្នុងការចរចាដោយប្រយោលទាំងនេះ គណៈប្រតិភូ នៅតែនៅក្នុងបន្ទប់ដាច់ដោយឡែក និងបានទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួលអូម៉ង់។
កិច្ចចរចានេះ បានធ្វើឡើង បន្ទាប់ពីជុំដំបូងដែលបានធ្វើឡើងនៅថ្ងៃទី ១២ ខែមេសា នៅក្នុងទីក្រុង Muscat ដែលជាកន្លែងដែលតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដឹកនាំដោយបេសកជនពិសេសលោក Steven Witkoff និងលោក Araghchi បានចូលរួមក្នុងការចរចាដែលសម្របសម្រួលដោយប្រទេសអូម៉ង់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។