ទាញព្រ័ត្រ៖ សមាគមកីឡាទាញព្រ័ត្រខេត្តកំពតបានគ្រងម្ចាស់ជើងឯកលើវិញ្ញាសាផ្នែកបុរស ខណៈសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបងគ្រងម្ចាស់ជើងឯកផ្នែកនារី នៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅសាលាគរុកុសល្យ និងវិក្រឹតការខេត្តកណ្តាល បន្ទាប់ពីក្រុមជ័យលាភីមេដាយមាសទាំងពីរក្រុម បានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឲ្យដឹងថា ជ័យលាភីលើវិញ្ញាសាទាំងពីរ (បុរស-នារី) នេះរួមមាន៖ ការប្រកួតទាញព្រ័ត្រផ្នែកបុរស ៤នាក់ទល់ ៤នាក់លើទម្ងន់ ៣០០គីឡូក្រាម៖ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករនៃសមាគមកីឡាទាញព្រ័ត្រខេត្តកំពត, លេខ២ សមាគមទាញព្រ័ត្រខេត្តបាត់ដំបង និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកណ្តាល។ ផ្នែកនារី ៤នាក់ទល់ ៤នាក់លើទម្ងន់ ២៥០គីឡូក្រាម៖ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនីសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង, លេខ២ សមាគមទាញព្រ័ត្រខេត្តស្វាយរៀង និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកំពត។ លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធគូសបញ្ជាក់ថា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះមានសមាគមចូលរួមសរុបចំនួន ៩រាជធានី-ខេត្តដោយមានកីឡាករ-កីឡាការិនិ ប្រតិភូ គ្រូបង្វឹកសរុបចំនួន ១០១នាក់។

លោកស្រីបន្ថែមថា ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រើអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងនោះលទ្ធផលបច្ចេកទេសប្រកួតរយៈពេល ២ថ្ងៃកន្លងមកនេះទទួលបានប្រកបដោយគុណផលល្អដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំ និងការបញ្ចេញអស់ពីសមត្ថភាពរបស់កីឡាករ -កីឡាការិនីតាមបណ្ដាសមាគមរាជធានី-ខេត្តទាំងអស់ដើម្បីជំរុញឲ្យព្រឹត្តិការណ៍ថ្នាក់ជាតិនេះទទួលលទ្ធផលជាផ្លែផ្កា។ លទ្ធផលនៅថ្ងៃនេះគឺបង្ហាញឲ្យឃើញពីការខិតខំហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជាប្រចាំប្រកបដោយការតស៊ូ ព្យាយាមគោរពវិន័យបានល្អ ស្របតាមបទបញ្ជាការប្រកួតថ្នាក់ជាតិនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានប្រកាសការអបអរសាទរខួបនៃការដាក់បញ្ជូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕
អត្ថបទ៖ គង់ ហួន