រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា ខ្លួនបានផ្អាកគណបក្សនយោបាយរបស់អតីតប្រធានាធិបតី Joseph Kabila រយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីសេវាសន្តិសុខ បានវាយឆ្មក់គេហដ្ឋានរបស់លោក។
ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្រេចចិត្តនេះ ធ្វើតាមសកម្មភាពហួសហេតុ»របស់លោក Kabila ដែលបានធ្វើជាប្រធានាធិបតីអស់រយៈពេល ១៨ឆ្នាំ រហូតដល់ឆ្នាំ ២០១៩ ហើយនៅតែជាប្រធានគណបក្សប្រជាជនដើម្បីការកសាងឡើងវិញ និងលទ្ធិប្រជាធិបតេយ្យ (PPRD )របស់លោក។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សកម្មភាពរបស់គំណបក្ស PPRD ត្រូវបានផ្អាក នៅទូទាំងប្រទេសនេះ»។
ពុំមានប្រតិកម្មភ្លាមៗពីគណបក្សនេះទេ។
មេដឹកនាំបច្ចុប្បន្នលោកប្រធានាធិបតី Felix Tshisekedi បានចោទប្រកាន់លោក Kabilaថា បានរៀបចំ ផែនការ«បះបោរ» និងគាំទ្រសម្ព័ន្ធភាពដែលរួមមានក្រុមប្រដាប់អាវុធ M23 ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល នៅភាគខាងកើតប្រទេសកុងហ្គោ។
យោងតាមអ្នកនាំពាក្យសម្រាប់គ្រួសាររបស់ខ្លួន លោក Kabila អាយុ ៥៣ឆ្នាំ បានចាកចេញពីប្រទេសនៅមុនការបោះឆ្នោតប្រធានាធិបតីចុងក្រោយ នៅឆ្នាំ ២០២៣។
ប៉ុន្តែនៅដើមខែមេសា ក្នុងសារបញ្ជូនបន្តដោយបុគ្គលិករបស់ខ្លួន លោកបាននិយាយថា លោកនឹងត្រឡប់មកវិញ នៅថ្ងៃដែលមិនបានបញ្ជាក់ច្បាស់ ពីព្រោះប្រទេសនេះ «កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់»។