មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បាននិយាយថា លោកភ័យខ្លាចការផ្ទុះឡើងនៃអំពើហិង្សានយោបាយ ដែលទាក់ទងនឹងអ្វីដែលលោកហៅថា យុទ្ធនាការស្អប់ខ្ពើមប្រឆាំងនឹងប្រធានសន្តិសុខផ្ទៃក្នុងរបស់ប្រទេសនេះ ដែលរដ្ឋាភិបាលបានបណ្តេញចេញពីតំណែង។
លោក Lapid បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងតែលអាវីវ ( Tel Aviv) ថា៖«"បន្ទាត់ក្រហម ត្រូវបានឆ្លងកាត់។ ប្រសិនបើយើងមិនបញ្ឈប់រឿងនេះទេ នឹងមានឃាតកម្មនយោបាយ នៅទីនេះ ប្រហែលលើសពីមួយករណី។ ជនជាតិជ្វីហ្វ នឹងសម្លាប់ជនជាតិជ្វីហ្វ ដោយបន្ថែមថា៖«ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត គឺសំដៅទៅលើប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃ Shin Bet លោក Ronen Bar»។
ការបណ្តេញលោក Bar ចេញពីតំណែង ជាប្រធានទីភ្នាក់ងារនេះ ត្រូវបានជំទាស់នៅក្នុងតុលាការដោយក្រុមប្រឆាំងដែលបានចាត់ទុកថា វាជាសញ្ញានៃគោលដៅប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ នៅផ្នែកនៃរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ។
លោកបានបញ្ជាក់ថា ការបណ្តេញចេញពីតំណែងរបស់លោកចេញពីតំណែងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស «និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀត» ខណៈពេលដែលអគ្គរដ្ឋអាជ្ញា លោកស្រី Gali Baharav-Miara បានព្រមានអំពី «ជម្លោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី ដោយសារតែការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជំនួយការរបស់លោក»។