នៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ព្យាយាមរារាំងលំហូរនាំចេញបន្ទះឈីបកុំព្យូទ័រសំខាន់ៗជាយុទ្ធសាស្ត្រទៅកាន់ប្រទេសចិន អ្នកជំនាញលើកឡើងថា កិច្ចប្រឹងប្រែងនេះអាចនឹងទទួលបានផលបញ្ច្រាស់វិញ ដោយជំរុញឲ្យមាននវានុវត្តន៍ នៅក្នុងក្រុមហ៊ុនរបស់ចិន ដែលអាចជួយឲ្យពួកគេដណ្តើមបានទីផ្សារបន្ទះអេឡិកត្រូនិកពិភពលោក។
លោក Jack Gold អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន J. Gold បាននិយាយថា៖ «អ្វីដែលកំពុងកើតឡើងនោះគឺថា នាពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រគល់ឲ្យប្រទេសចិននូវជ័យជម្នះមួយដ៏ធំ នៅពេលដែលប្រទេសនេះព្យាយាមអភិវឌ្ឍអាជីវកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ។
លោក Gold បានព្រមានថា៖ «នៅពេលដែលប្រទេសនេះមានការប្រកួតប្រជែង ពួកគេនឹងចាប់ផ្តើមលក់នៅជុំវិញពិភពលោក ហើយមនុស្សនឹងទិញបន្ទះឈីបរបស់ពួកគេ»។ ហើយលោកបានបន្ថែមថា នៅពេលការលក់នោះកើតឡើង វានឹងពិបាកឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកអាចទាមទារយកចំណែកទីផ្សារដែលបាត់បង់នោះមកវិញណាស់។
ក្រុមហ៊ុននាំមុខគេ ក្នុងវិស័យផលិតបន្ទះឈីប គឺ Nvidia និងគូប្រជែង នៅសហរដ្ឋអាមេរិក គឺ Advanced Micro Devices (AMD) រំពឹងថា នឹងមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារការតម្រូវឲ្យមានអាជ្ញាប័ណ្ណថ្មីរបស់អាមេរិក សម្រាប់បន្ទះឈីប ដែលនាំចេញទៅប្រទេសចិន។ ក្រុមហ៊ុនទាំង២ បានជូនដំណឹងដល់និយតករ ក្នុងសប្តាហ៍នេះ៕