បេក្ខជននាំមុខគេ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃចន្ទ (ទី២១ ខែមេសា) បានសន្យាថា នឹងជំរុញឲ្យមានការពិនិត្យឡើងវិញនូវវិធានការពាណិជ្ជកម្មរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃផែនការ ដើម្បីលុបបំបាត់នូវអ្វីដែលត្រូវបានគេហៅថា «ការបញ្ចុះតម្លៃកូរ៉េ»។
សភារបស់កូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរី (DP) ដែលពីមុនដឹកនាំដោយលោក Lee បានអនុម័តច្បាប់កាលពីខែមីនា ដែលពង្រីកបន្ថែមកាតព្វកិច្ចផ្លូវច្បាប់របស់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីរួមបញ្ចូលការការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុនភាគតិច។
ប៉ុន្តែការកែប្រែនេះ ត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បានវេតូច្បាប់នេះ ជាការសម្រេចដែលលោកបានផ្ដល់ហេតុផលថា អាចរារាំងដល់ការសម្រេចរបស់ថ្នាក់ដឹកនាំ និងបង្កើតការភ័ន្តច្រឡំដែលមិនចាំបាច់។
គួរបញ្ជាក់ថា ការបញ្ចុះតម្លៃកូរ៉េ សំដៅទៅលើការវាយតម្លៃទាបដែលក្រុមហ៊ុនកូរ៉េខាងត្បូង ធ្វើពាណិជ្ជកម្មដោយទូទៅ បើប្រៀបធៀបនឹងក្រុមហ៊ុននានា នៅជុំវិញពិភពលោក ដោយសារកត្តាជាច្រើន ដូចជាឥទ្ធិពលលើក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារដែលត្រូវបានរិះគន់ថា យកផលប្រយោជន៍របស់ពួកគេជាធំជាងម្ចាស់ភាគហ៊ុនផ្សេងទៀត។
លោក Lee គឺជាបេក្ខជនដ៏សំខាន់ម្នាក់របស់គណបក្ស DP សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ នៅខែមិថុនា ហើយបាននាំមុខគេក្នុងការស្ទង់មតិ៕