រដ្ឋាភិបាលអ៊ីស្រាអែលបានលុបចោលទិដ្ឋាការ សម្រាប់សមាជិកសភាឆ្វេងនិយមរបស់បារាំង និងមន្ត្រីក្នុងតំបន់ចំនួន ២៧នាក់ ដោយការសម្រេចនេះ កើតមានឡើង ២ថ្ងៃមុនពេលពួកគេចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន កាលពីថ្ងៃទី២០ ខែមេសា។ នេះបើតាមការឲ្យដឹងពីក្រុមនេះ។
ចំណាត់នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានហាមឃាត់សមាជិកសភាអង់គ្លេស ២នាក់ពីគណបក្សគ្រប់គ្រងអំណាច គឺបក្សការងារ មិនឲ្យចូលប្រទេស។ ហើយវាក៏បានកើតឡើងចំពេលមានភាពតានតឹងផ្នែកការទូត បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងពេលឆាប់ៗនេះ។ លោក Macron បានព្យាយាមដាក់សម្ពាធលើលោក Netanyahu ជុំវិញលក្ខខណ្ឌ នៅតំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
ក្រសួងមហាផ្ទៃរបស់អ៊ីស្រាអែលបានឲ្យដឹងថា ទិដ្ឋាការ សម្រាប់អ្នកទាំង ២៧នាក់នោះ ត្រូវបានលុបចោលក្រោមច្បាប់ ដែលអនុញ្ញាតឲ្យអាជ្ញាធរហាមឃាត់បុគ្គលដែលអាចធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។
សមាជិកចំនួន ១៧នាក់នៃក្រុមនេះ មកពីគណបក្សអេកូឡូស៊ី និងកុម្មុយនីស្តរបស់ប្រទេសបារាំង បាននិយាយថា ពួកគេគឺជាជនរងគ្រោះនៃ «ការដាក់ទណ្ឌកម្មរួម» របស់អ៊ីស្រាអែលនេះ ហើយបានអំពាវនាវឲ្យលោក Macron ធ្វើអន្តរាគមន៍។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រូវបានអញ្ជើញឲ្យធ្វើដំណើរទៅរយៈពេល ៥ថ្ងៃ ដោយស្ថានកុងស៊ុលបារាំង នៅទីក្រុងហ្សេរុយសាឡឹម។ ពួកគេបានបន្ថែមថា ពួកគេមានបំណងទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ជាផ្នែកនៃបេសកកម្ម ដើម្បី «លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវប្បធម៌សន្តិភាព»៕