អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Abbas Araqchi នឹងបំពេញទស្សនកិច្ច នៅប្រទេសចិននៅថ្ងៃអង្គារ ដោយដំណើរនោះកើតមាននៅមុនកិច្ចចរចានុយក្លេអ៊ែរជុំទី៣ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអូម៉ង់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
នៅក្នុងដំណើរទៅកាន់ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន លោក Araqchi បានប្រាប់ទូរទស្សន៍រដ្ឋថា ទីក្រុងតេអេរ៉ង់ តែងតែពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយប្រទេសជាមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺរុស្ស៊ី និងចិន ជុំវិញបញ្ហានុយក្លេអ៊ែរ។
លោក Baghaei បាននិយាយថា «វាជារឿងធម្មតាទេដែលយើងនឹងពិគ្រោះយោបល់ និងប្រាប់ប្រទេសចិននូវការវិវត្តចុងក្រោយបង្អស់ ក្នុងកិច្ចចរចាដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក» ដោយលោកបានបន្ថែមថា ទីក្រុងប៉េកាំងអាចដើរតួនាទីស្ថាបនា នៅក្នុងដំណើរការនេះ។
គូសត្រូវដ៏យូរលង់ គឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាកាលពីដើមខែនេះ ក្នុងគោលបំណងដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលមហាអំណាចលោកខាងលិច លើកឡើងថា វិវត្តយ៉ាងលឿនឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ។
យ៉ាងណាក្ដី ទីក្រុងតេអេរ៉ង់ តែងតែបានបដិសេធជាយូរមកហើយនូវការចោទប្រកាន់បែបនេះ ហើយស្វែងរកការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់ឡើងវិញដោយប្រធានាធិបតី Donald Trump អំឡុងអាណត្តិដំបូង (២០១៧-២០២១) របស់លោក ជាពេលដែលលោកបានដកខ្លួនចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ក្នុងនោះក៏មានរួមទាំងចិន និងរុស្ស៊ីផងដែរ៕