ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងក្រុមហ៊ុន Meta Apple និង TikTok ឲ្យគោរពតាមច្បាប់ឌីជីថលរបស់សហភាពអឺរ៉ុប មិនថាអ្នកណាជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុនទាំងនេះ ឬកន្លែងដែលពួកគេស្ថិតនៅឡើយ។
លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politicoថា៖«ច្បាប់ដែលត្រូវបានបោះឆ្នោតដោយសហសមាជិកសភារបស់យើងត្រូវតែអនុវត្ត»។ លោកស្រី von der Leyen បានបន្ថែមថា៖« «នោះហើយជាមូលហេតុដែលយើងបានបើកសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន TikTok, X, Apple, Meta ដើម្បីដាក់ឈ្មោះមួយចំនួន។ យើងអនុវត្តច្បាប់ដោយស្មើភាព សមាមាត្រ និងដោយគ្មានភាពលម្អៀង។ យើងមិនខ្វល់ថាក្រុមហ៊ុនមកពីណា ហើយអ្នកណា កំពុងដំណើរការវានោះទេ។ យើងយកចិត្តទុកដាក់លើការការពារមនុស្ស»។
យោងតាមលោកស្រី សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តច្បាប់ឌីជីថលពេញលេញរបស់ខ្លួន។