ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានផ្ដាំទៅគូប្រជែងរបស់ខ្លួនតាមរយៈអ្នកសារព័ត៌មានថៃថា បើម៉ូតូទឹកខ្លួនមិនខូចទេ កុំសង្ឃឹមបាននៅមុខខ្លួន។ ការថ្លែងបែបនេះបន្ទាប់ពី អ៊ូមើត បានវាយបកដណ្ដើមចំណាត់ថ្នាក់លេខ១ ត្រឡប់មកវិញក្នុងជុំទី៣ នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 នៅប្រទេសថៃកាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងការប្រកួតវិញ្ញាសា Pro Am Ski Modified ជុំទី៣ ឬដំណាក់កាលទី៣ នេះ អ៊ូមើត ធ្វើបានយ៉ាងល្អឥតខ្ចោះដែលគេហៅថា Perfect Games បន្ទាប់ពីដណ្ដើមបានលេខ១ ទាំង ៤ជុំ ផ្ទុយកាលពីជុំទី២ ចុងខែមុនដែលម៉ូតូខ្លួនមានបញ្ហាមិនអាចបន្ដការប្រកួតបាន ធ្វើឲ្យរូបគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយគ្រងចំណាត់ថ្នាក់លេខ១ កាលពីដំណាក់កាលទី១។ ម្ចាស់មេដាយមាសកីឡាអាស៊ីរបស់កម្ពុជារូបនេះបានសង្កត់ធ្ងន់ថា ការធ្វើបាន Perfect Game គឺជារឿងដ៏លំបាកដែលកម្រនឹងធ្វើបាន។ តែកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជារូបនេះបានផ្ដាំដល់គូប្រជែងរបស់ខ្លួនថា បើម៉ូតូទឹករបស់គេមិនមានបញ្ហា ឬខូច កុំសង្ឃឹមថាបាននៅមុខខ្លួន ហើយ អ៊ូមើត ប្ដេជ្ញានឹងដណ្ដើមពាននេះមកគ្រងឲ្យខានតែបានក្នុងឆ្នាំ២០២១ នេះទៀតផង។

ចំណែកលទ្ធផលរបស់កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ៤រូបផ្សេងទៀតរួមមានកីឡាករ ម៉ីន មូស្ដាន ដែលប្រកួតវិញ្ញាសា Pro Am Ski Modified ជាមួយ សាលី អ៊ូមើត និងទទួលបានលេខ១ កាលពីជុំទី២ បានធ្លាក់មកឈរលេខ៣។ រីឯកីឡាករ កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៤ ដូចគ្នាលើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ខណៈកីឡាករ មីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់លេខ៦។ ជាមួយលទ្ធផលនេះទោះពុំទទួលបានពានប្រចាំជុំក៏ពិតមែន តែ សាលី អ៊ូមើត បានវាយតម្លៃខ្ពស់សមិទ្ធផលដែលសិស្សប្អូនធ្វើបាន ដ្បិតពួកគេប្រើម៉ូតូចាស់តាំងពីឆ្នាំ២០១៧។ តែបើនិយាយពីកម្រិតសមត្ថភាព និងបច្ចេកទេសបានបង្ហាញសុទិដ្ឋិនិយមចំពោះពួកគេ ហើយសង្ឃឹមថា កីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជាទាំងអស់នឹងបន្ដការខិតខំប្រឹង ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា