ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Stoere និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jens Stoltenberg នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា)។
នាថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ សេចក្តីថ្លែងការណ៍ពីការិយាល័យ បានឲ្យដឹងថា កិច្ចប្រជុំ នៅសេតវិមាន ក្នុងចំណោមការពិភាក្សាបញ្ហាផ្សេងៗទៀត គ្របដណ្តប់លើស្ថានភាពគោលនយោបាយសន្តិសុខ អង្គការណាតូ (NATO) និងសង្រ្គាម នៅអ៊ុយក្រែន ក៏ដូចជាប្រធានបទពាណិជ្ជកម្ម និងធុរកិច្ច។
លោក Stoere បាននិយាយថា៖ «ប្រទេសន័រវែស និងសហរដ្ឋអាមេរិកសហការគ្នា ក្នុងវិស័យមួយចំនួន ហើយសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ន័រវេស។ ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីពិភាក្សា អំពីវិស័យនានា ដែលយើងអាចសហការកាន់តែជិតស្និទ្ធ នាពេលអនាគត»។
គួររំលឹកថា រដ្ឋបាលរបស់លោក Trump បានប្រកាសអត្រាពន្ធ ១៥ភាគរយលើទំនិញដែលនាំចូលពីន័រវេសទៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងសើរើយ៉ាងទូលំទូលាយ និងជាសកលជាមួយដៃគូពាណិជ្ជកម្ម ជុំវិញពិភពលោក។ មិនខុសពីប្រទេសជាច្រើនទៀតដែរ ពន្ធគយនោះត្រូវបានទម្លាក់មកត្រឹម ១០ភាគរយ សម្រាប់រយៈពេល ៩០ថ្ងៃ៕