នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានកាន់ទុក្ខសម្តេចសង្ឈកាតូលិក ប៉ាប ហ្វ្រង់ស៊ី នៅថ្ងៃច័ន្ទ (ទី២១ ខែមេសា) នេះ ដោយលោកស្រីពោលថា ព្រះអង្គប្រៀបដូចជាមិត្តម្នាក់ដែលតែងតែបានផ្តល់នូវការលួងលោមលើកទឹកចិត្តលោកស្រី ក្នុងគ្រាលំបាក ហើយបានបំពេញកាតព្វកិច្ចរបស់ព្រះអង្គរហូតដល់ដំណាក់កាលចុងក្រោយ។
លោកស្រី Meloni បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីតាលី RAI ថា៖ «សម្តេច ប៉ាប ហ្វ្រង់ស៊ីស និងខ្ញុំ មានទំនាក់ទំនងញឹកញាប់ជាងការឃើញជាក់ស្តែង។ ជាការប្រាស្រ័យទាក់ទងដែលប្រព្រឹត្តទៅលើសពីតួនាទីស្ថាប័នរៀងខ្លួន»។
អមដោយសំឡេងបង្កប់ទុក្ខសោក លោកស្រីបានបន្ថែមថា៖ «យើងបានជួបគ្នាជាច្រើនដង សូម្បីត្រឹមតែជួប ដើម្បីផ្លាស់ប្តូរមតិយោបល់។ ព្រះអង្គអាចផ្តល់ការលួងលោមលើកទឹកចិត្តខ្ញុំ ក្នុងគ្រាដ៏លំបាក។ ខ្ញុំមានការចងចាំរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងសម្ដេច ប៉ាប ហ្វ្រង់ស៊ីស»។
សូមបញ្ជាក់ថា សម្តេចសង្ឃព្រះជន្មាយុ ៨៨ព្រះវស្សា បានចូលទីវង្គតនៅថ្ងៃចន្ទនេះ ពោលគឺ ១ថ្ងៃបន្ទាប់ពីព្រះអង្គបង្ហាញព្រះវត្តមានជាសាធារណៈយ៉ាងយូរជាលើកដំបូង គិតចាប់តាំងពីបានយាងចេញពីមន្ទីរពេទ្យ កាលថ្ងៃទី២៣ ខែមីនា ក្រោយព្យាបាលរលាកសួតយ៉ាងយូរ៕