កងទ័ពស៊ូដង់ខាងត្បូង បានឲ្យដឹងថា ខ្លួនបានដណ្តើមកាន់កាប់បានវិញនូវទីក្រុងសំខាន់មួយ ក្នុងរដ្ឋ Upper Nile ដែលខ្លួនបានបាត់បង់ទៅឲ្យកងជីវពលជនជាតិភាគតិច Nuer គ្រប់គ្រង កាលពីខែមីនា អំឡុងការប៉ះទង្គិចគ្នាដែលនាំទៅដល់ការចាប់ខ្លួនអនុប្រធានាធិបតីទី១ លោក Riek Machar និងបង្កឲ្យមានវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរឡើងៗ។
ប្រធានាធិបតី លោក Salva Kiir បានកាន់តំណែងនៅក្នុងរដ្ឋាភិបាលចែករំលែកអំណាចដ៏ពិបាកមួយ ជាមួយលោក Machar ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨ បានបញ្ចប់សង្គ្រាមស៊ីវិល រវាងយុទ្ធជនស្មោះត្រង់នឹងឥស្សរជនទាំង២ ជាសង្គ្រាមដែលបានឆក់យកជីវិតមនុស្សរាប់សែននាក់។
ការឃុំខ្លួនលោក Machar នៅក្នុងផ្ទះ ដោយសារមានការចោទប្រកាន់ថា បានព្យាយាមជំរុញឲ្យមានការបះបោរ តាមរយៈការគាំទ្រ ចំពោះកងជីវពល White Army នៅរដ្ឋ Upper Nile បានបង្កឲ្យមានការភ័យខ្លាចជាអន្តរជាតិ ដែលថា នឹងមានជម្លោះថ្មី នៅក្នុងក្រុមជនជាតិភាគតិច។
អ្នកនាំពាក្យ សម្រាប់យោធា និងកងជីវពល White Army ដែលគណបក្សរបស់លោក Machar បដិសេធមិនបានគាំទ្រ បាននិយាយថា ទីក្រុង Nasir ត្រូវបានដណ្ដើមកាន់កាប់វិញ កាលពីថ្ងៃអាទិត្យ ដោយគ្មានការប្រយុទ្ធគ្នានោះឡើយ៕