អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គ័រ ចាឃុន (Guo Jiakun) បានលើកឡើងថា ប្រទេសរបស់លោកចង់បន្តទំនាក់ទំនង និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ក្នុងវិស័យផ្សេងៗ។

លោកហ្គ័រ បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចិន និងអ៊ីរ៉ង់ បានរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងគ្រប់កម្រិត និងក្នុងវិស័យផ្សេងៗ មុនដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ទៅកាន់ទីក្រុងប៉េកាំង។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baqaei បានប្រកាសថាលោក Araqchi នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារទី២២មេសានេះ។

ដោយសំដៅលើការពិគ្រោះយោបល់របស់អ៊ីរ៉ង់ជាមួយបណ្តាប្រទេសដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០២៥ លោក Baqaei បានហៅថាវាជារឿងធម្មតាក្នុងការពិគ្រោះយោបល់ និងប្រាប់ប្រទេសចិនជុំវិញការវិវត្តចុងក្រោយនៃការពិភាក្សាដោយប្រយោលរវាងប្រទេសអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ ថែមទាំងមានទំនាក់ទំនងជាមួយប្រទេសហត្ថលេខីអឺរ៉ុបទៀតផង។
ក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍មុន លោក Araqchi ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា ក្រុងតេអេរ៉ង់ តែងតែពិគ្រោះជាមួយមិត្តភ័ក្តិរបស់ខ្លួន រុស្ស៊ី និងចិន ជុំវិញបញ្ហានុយក្លេអ៊ែរ។

ទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំង បានធ្វើឱ្យស៊ីជម្រៅយ៉ាងខ្លាំងនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ រួមទាំងតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងភាពជាដៃគូរយៈពេល ២៥ ឆ្នាំរួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៅទូទាំងវិស័យជាច្រើន៕