បណ្ដាបព្វជិត និងមេដឹកនាំសាសនាកាតូលិក គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ (២២ មេសា) នេះដើម្បីរៀបចំព្រះរាជពិធីបុណ្យសពរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស ដែលមេដឹកនាំមកពីជុំវិញពិភពលោកនឹងចូលរួម នៅមុនសន្និបាតមួយនៅខែក្រោយ ដើម្បីជ្រើសរើសប្រមុខដឹកនាំថ្មីនៃសាសនាចក្ររ៉ូម៉ាំងកាតូលិកនៅបុរីវ៉ាទីកង់។

បុរីវ៉ាទីកង់ បាននិយាយថា សម្ដេចប៉ាប ហ្រ្វង់ស៊ីស ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា បានសោយទិវង្គត ដោយមិននឹកស្មានដល់កាលពីថ្ងៃចន្ទ (២១ មេសា) បន្ទាប់ពីប្រឈួនខ្លាំងពីរោគដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ដោយបញ្ចប់រជ្ជកាលដ៏ច្របូកច្របល់។

សម្តេចសង្ឃអង្គនោះបានចំណាយពេល ៥សប្តាហ៍នៅមន្ទីរពេទ្យកាលពីដើមឆ្នាំនេះ សម្រាប់ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ២លើក ប៉ុន្តែទ្រង់យាងត្រលប់ទៅបុរីវ៉ាទីកង់វិញ កាលពីជិតមួយខែមុន ហើយហាក់ដូចជាធូរស្បើយឡើងវិញ ដោយបានបង្ហាញព្រះភ័ក្រ្តនៅទីលានចតុរង្គ St. Peter's នៅថ្ងៃអាទិត្យសម្រាប់បុណ្យ Easter។

ការសោយទិវង្គតភ្លាមៗរបស់ទ្រង់បានបង្កើតឱ្យមានការចាប់ផ្ដើមនៃពិធីកម្មប្រពៃណី ដែលសាសនាចក្រមានសមាជិក ១,៤ពាន់លាននោះ ធ្វើដើម្បីផ្លាស់ប្តូរពីសម្តេចប៉ាបមួយអង្គទៅសម្តេចមួយអង្គទៀត រួមទាំងពិធីផ្ដាច់ "ព្រះទម្រង់" និងត្រា របស់សម្តេចប៉ាប ដើម្បីមិនអាចឱ្យវត្ថុទាំងនោះត្រូវបានប្រើដោយប្រមុខដឹកនាំថ្មី។ បព្វជិតទាំងអស់ ដែលបច្ចុប្បន្ននៅទីក្រុងរ៉ូម នឹងជួបជុំគ្នានៅបុរីវ៉ាទីកង់ ដើម្បីរៀបចំផែនការរាជពិធីបុណ្យសព ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យ សប្ដាហ៍នេះ។ បណ្ដាមេដឹកនាំទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងទៅចូលរួមក្នុងពិធីនោះ។
សម្ដេចប៉ាប ហ្រ្វង់ស៊ីស មានបន្ទូលក្នុងសក្ខីកម្មចុងក្រោយរបស់ទ្រង់ ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ទ្រង់មានព្រះបំណងចង់ឱ្យព្រះសពរបស់ទ្រង់ត្រូវបញ្ចុះក្នុងទីបញ្ចុសព្វនៃវិហារ Saint Mary Major របស់ទីក្រុងរ៉ូម។ វ៉ាទីកង់ នឹងជ្រើសរើសសម្តេចប៉ាបថ្មី ដែលជាធម្មតាធ្វើឡើងពី ១៥ ទៅ ២០ថ្ងៃបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ដែលមានន័យថា អាចចាប់ផ្តើមពីថ្ងៃទី០៦ ឧសភា ខាងមុខ៕