ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅព្រឹកពញរលឹមថ្ងៃអង្គារ (២២ មេសា) នេះថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំពេញមួយយប់ទៅលើតំបន់លំនៅដ្ឋាននៃទីក្រុងកំពង់ផែ Odesa សមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយបង្កឱ្យមានអគ្គិភ័យដ៏ធំ និងបំផ្លាញផ្ទះល្វែងជាច្រើនខ្នង។

អភិបាលក្រុង Odesa លោក Hennadiy Trukhanov បានសរសេបង្ហោះរនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា "រុស្ស៊ី បានកំណត់គោលដៅលើតំបន់លំនៅដ្ឋានមួយកន្លែងនៅក្នុងក្រុង Odesa ដែលមានប្រជាជនច្រើន ជាមួយនឹងការវាយប្រហាយានដ្រូនទ្រង់ទ្រាយធំ"។ លោកបានបង្ហោះរូបភាពនៃអណ្ដាតភ្លើងដែលឆាបឆេះមិនអាចគ្រប់គ្រងបាន ហើយបង្អួចអគារផ្ទះល្វែងជាច្រើនបែកខ្ទេចខ្ទី និងផ្នែកខាងមុខរងការខូចខាត។

អភិបាលតំបន់ លោក Oleh Kiper បាននិយាយថា ការវាយប្រហារនេះបានបំផ្លាញលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គ្រឹះស្ថានអប់រំ និងយានយន្តជាច្រើន ហើយក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ដើម្បីប្រតិបត្តិការ ខណៈព័ត៌មានស្តីពីការស្លាប់ និងរបួស កំពុងស្ថិតក្រោមការបញ្ជាក់នៅឡើយ។

គួរឱ្យដឹងថា ទីក្រុង Odesa របស់អ៊ុយក្រែន ដែលមានកំពង់ផែចំនួន៣ បានក្លាយជាគោលដៅញឹកញាប់នៃការវាយប្រហាររបស់រុស្ស៊ី នៅក្នុងជម្លោះជាង ៣ឆ្នាំមកនេះ ខណៈកិច្ចចរចាសន្តិភាពនៅតែបន្តទៅមុខដោយពុំមានផ្លែផ្កាធំដុំអ្វីឡើយ៕