កងកម្លាំងការពារអ៊ីស្រាអែល IDF កំពុងវាយរុលទៅមុខយ៉ាងលឿនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង ហើយប្រមុខបញ្ជាការមួយចំនួនជឿថា ពួកគេកំពុងចាប់ផ្តើមមើលឃើញការចុះខ្សោយរបស់ក្រុមភេរវករមួយនេះហើយដោយសារសម្ពាធយោធា ទោះជាក្រុមនេះនៅតែឆ្ងាយពីការដួលរលំទាំងស្រុងក៏ដោយ។

ក្នុងពេល ៣សប្តាហ៍កន្លងមក បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ កងពលលេខ៣៦ របស់យោធាអ៊ីស្រាអែល ដណ្ដើមបាននូវអ្វីដែលហៅថាច្រករបៀង Morag ដែលជាខ្សែស្ថិតនៅចន្លោះក្រុង Rafah និង Khan Younis ភាគខាងត្បូងនៃដែនដីដ៏តូចចង្អៀតមួយនេះ ដោយកាត់ផ្តាច់កងពលតូច Rafah របស់ក្រុមហាម៉ាស ចេញពីបណ្ដាញផ្សេងទៀតនៅតំបន់ហ្កាហ្សា។

ទន្ទឹមនឹងនេះ កងពលហ្កាហ្សា របស់អ៊ីស្រាអែល បាននិងកំពុងប្រតិបត្តិការនៅក្នុងផ្នែកនានានៃក្រុង Rafah ដោយប្រឹងប្រែងដើម្បីកំណត់ទីតាំង និងលុបបំបាត់ក្រុមភេរវកររាប់សិបនាក់បន្ថែមទៀត ដែលនៅតែស្ថិតនៅក្នុងតំបន់នេះ នេះបើយោងតាមការប៉ាន់ស្មានរបស់ IDF។ ជាលទ្ធផល IDF ជឿជាក់ថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនៃប្រតិបត្តិការនេះ អត្រានៃ "ការបែកបាក់ និងចុះខ្សោយ" របស់អ្នកប្រយុទ្ធហាម៉ាសនៅក្រុង Rafah នឹងកើនឡើងខ្លាំង។

អ៊ីស្រាអែល អះអាងថាខ្លួនបានសម្លាប់យុទ្ធជនហាម៉ាសប្រហែល ២០.០០០នាក់ នៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះ តែយ៉ាងណាក៏ដោយ មេបញ្ជាការមួយចំនួន មិនជឿទេថា ការកម្ចាត់ក្រុមហាម៉ាស នឹងកើតឡើងដោយសារមានយុទ្ធជនស្លាប់ច្រើន ហើយពួកគេគិតថា ក្រុមភេរវករនឹងមិនចុះចាញ់ឡើយ ទោះបីជា IDF វាយលុកខ្លាំងក្លាយ៉ាងណាក៏ដោយ៕