ប្រព័ន្ធព្យុះដ៏កាចសាហាវ ដែលបានវាយលុកផ្នែកខ្លះនៃភាគកណ្តាលសហរដ្ឋអាមេរិក ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងព្យុះកួច បានបោកបក់ពាសពេញជ្រលងភ្នំ Ohio និង Tennessee កាលពីថ្ងៃចន្ទ (២១ មេសា) ហើយក៏នឹងបន្តនាំមកនូវការគំរាមកំហែងពីអាកាសធាតុធ្ងន់ធ្ងរដល់ផ្នែកជាច្រើនទៀតផងដែរ។

សេវាអាកាសធាតុជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គ្រោះថ្នាក់ដែលទាក់ទងនឹងព្យុះភ្លៀង និងផ្គររន្ទះទាំងនេះគឺការកើតមានរន្ទះញឹកញាប់ ខ្យល់កន្ត្រាក់ខ្លាំងក្លា សំណុំទឹកកកធ្លាក់ និងការគំរាមកំហែងតិចតួចនៃព្យុះកួច"។

កាលពីចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះបានបោកបក់ពាសពេញភាគខាងត្បូង និងតំបន់កណ្តាលនៃភាគខាងលិចសហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់នៅរដ្ឋ Oklahoma និងបង្កការខូចខាតយ៉ាងទូលំទូលាយ។ ការព្រមាន និងសេចក្ដីណែនាំពីទឹកជំនន់យ៉ាងគំហុក នៅតែសកម្មទូទាំងភាគកណ្តាលអាមេរិក រាប់ចាប់ពីរដ្ឋ Kansas រហូតដល់រដ្ឋ Louisiana។

ក្រុមអ្នកព្យាករព្រមានថា ខណៈដែលព្យុះកំពុងបន្តឆ្ពោះទៅភាគខាងកើត ប្រព័ន្ធអាកាសធាតុនេះរំពឹងថានឹងចុះខ្សោយ ប៉ុន្តែនៅតែអាចបង្កជាទឹកជំនន់ និងព្យុះកួចខ្លាំងក្លា ជាពិសេសនៅក្នុងជ្រលងភ្នំ Ohio និង Tennessee។ នៅថ្ងៃអង្គារ ២២ មេសា នេះ ព្យុះនឹងរំកិលចូលទៅក្នុងតំបន់ពាក់កណ្តាលអាត្លង់ទិក ដោយនាំមកនូវ "ខ្យល់កន្រ្តាក់ សំណុំទឹកកកធ្លាក់ និងការគំរាមកំហែងតិចតួចនៃព្យុះកួច"៕