មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសហៃទីបាននិយាយថា ប្រទេសនេះកំពុងខិតជិតដល់ចំណុចនៃការត្រឡប់មកវិញលែងបាន ខណៈប្រទេសអាហ្វ្រិកនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ព្យាយាមឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សាក្រុមជនអន្ធពាល។
លោកស្រី Maria Isabel Salvador តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី បានចេញការព្រមានដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោកស្រី Salvador បាននិយាយថា ទន្ទឹមនឹងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលនៅតែបន្តរីករាលដាលទៅកាន់តំបន់ថ្មីនៃប្រទេសនេះ ប្រជាជនហៃទីជួបប្រទះការកើនឡើងនៃភាពងាយរងគ្រោះ និងសមត្ថភាពរបស់រដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។

លោកស្រីបាននិយាយថា ប្រទេសហៃទីអាចប្រឈមភាពចលាចលទាំងស្រុង ដោយបន្ថែមថាជំនួយ និងការគាំទ្រសម្រាប់កងកម្លាំងអន្តរជាតិដែលត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អំពើហិង្សាក្រុមជនអន្ធពាលនៅតែបន្តកើតមាន គឺត្រូវការយ៉ាងខ្លាំងដើម្បីចៀសវាងពីជោគវាសនាអាក្រក់។
លោកស្រីបានថ្លែងថា លោកស្រីសូមជំរុញអ្នករាល់គ្នាឲ្យបន្តចូលរួមនិងឆ្លើយតបតម្រូវការបន្ទាន់របស់ប្រទេសនេះ និងប្រជាជន។
ប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច ហៃទី កំពុងប្រឈមអស្ថិរភាពនយោបាយធ្ងន់ធ្ងរ ដោយប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធជាគូប្រជែង ដែលប្រព្រឹត្តអំពើឃាតកម្ម ការរំលោភ និងការចាប់ជំរិតទូទាំងប្រទេសនេះ៕