អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២១ មេសា) បានជូនដំណឹងជាការព្រមានដល់ពលរដ្ឋរបស់ខ្លួននៅបរទេសឱ្យប្រុងប្រយ័ត្ន មុនពេលបាតុកម្មគាំទ្រប៉ាឡេស្ទីនទ្រង់ទ្រាយធំ ដែលបានគ្រោងទុកនៅទូទាំងពិភពលោកសម្រាប់ថ្ងៃអង្គារ ២២ មេសា នេះ ដោយព្រមានថា ក្រុមបាតុកម្មអាចបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងអ៊ីស្រាអែល។
ការព្រមានពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់អ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីរយៈពេលជាង ១៨ខែ ដែលជនជាតិជ្វីហ្វ និងអ៊ីស្រាអែលនៅជុំវិញពិភពលោក ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀតនៅក្នុងការវាយប្រហារ ដែលទាក់ទងនឹងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅដែនដីហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ NSC និយាយថា ខ្លួនបានដឹងពីការអំពាវនាវជាច្រើនតាមអ៊ីនធឺណិត ដើម្បីរៀបចំព្រឹត្តិការណ៍ និងតវ៉ានៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលដឹកនាំដោយក្រុមគាំទ្រប៉ាឡេស្ទីនផ្សេងៗ ហើយព្រឹត្តិការណ៍ទាំងនេះអាចក្លាយជាហិង្សាប្រឆាំងនឹងជនជាតិអ៊ីស្រាអែល"។
NSC បានណែនាំជនជាតិអ៊ីស្រាអែលនៅបរទេសឱ្យគោរពតាមសេវាសន្តិសុខក្នុងតំបន់ ដោយជូនដំណឹងក្នុងករណីមានកង្វល់ណាមួយ ហើយកុំបង្ហាញនិមិត្តសញ្ញាអ៊ីស្រាអែលជាសាធារណៈ ជៀសវាងការតវ៉ា និងរក្សាការប្រុងប្រយ័ត្ន។ គួរឱ្យដឹងថា ក្រុមហាម៉ាស កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការតវ៉ានៅទូទាំងពិភពលោកនៅចុងសប្តាហ៍ ខណៈក៏បានអំពាវនាវឱ្យ "បង្កើនការតស៊ូគ្រប់ទម្រង់" ប្រឆាំងនឹងអ៊ីស្រាអែលផងដែរ៕