រដ្ឋាភិបាលប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមសាងសង់មូលដ្ឋានផ្គត់ផ្គង់ដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិនៅក្នុងរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់។ ក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលស៊ូដង់បានព្រមព្រៀងលើសំណើរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតមូលដ្ឋានផ្គត់ផ្គង់ដឹកជញ្ជូនជុំវិញទីក្រុង El Fasher ដើម្បីជួយសម្រួលដល់ការងារមនុស្សធម៌នៅក្នុងតំបន់ Mellit និងតំបន់ Tawila។
ក្រុមប្រឹក្សា បាននិយាយថាប្រធានរបស់ខ្លួន លោក Abdel Fattah Al-Burhan ដែលជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ផងដែរនោះ បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃច័ន្ទពីអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Tom Fletcher ក្នុងអំឡុងពេលនោះភាគីទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការដឹកជញ្ជូនជំនួយទៅទីក្រុង El Fasher ខណៈកំពុងបញ្ចៀសឧបសគ្គនានាបង្កឡើងដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) និងក្រុមផ្សេងទៀត ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់ជំនួយដល់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបន្ទាន់និងនិរន្តរភាពទៅកាន់ទីក្រុង El Fasher និងតំបន់ជុំវិញ ដើម្បីធានាបាននូវការដឹកជញ្ជូនជំនួយសង្គ្រោះជីវិតប្រកបដោយសុវត្ថិភាព និងទ្រង់ទ្រាយធំ។ ជម្លោះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ប្រជាជនជាង១៥លាននាក់ភៀសខ្លួន និងបានធ្វើឱ្យប្រទេសស៊ូដង់ប្រឈមទៅនឹងអ្វីដែលអង្គការសហប្រជាជាតិ ចាតត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។