ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទ បានស្នើឱ្យសមភាគី ប្រទេសអែល សាល់វ៉ាឌ័រ របស់លោក ដោះលែងពលរដ្ឋវេណេស៊ុយអេឡាទាំង ២៥២នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារសុវត្ថិភាពខ្ពស់ក្នុងប្រទេសអាមេរិកកណ្តាលមួយនេះដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីសំណើរបស់ប្រធានាធិបតីប្រទេសអែល សាល់វ៉ាឌ័រ លោក Nayib Bukele ឲ្យដោះដូរអ្នកទោស។
លោក Bukele បានស្នើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអាទិត្យដើម្បីបញ្ជូនពលរដ្ឋវេណេស៊ុយអេឡាចំនួន ២៥២នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកនិងបានដាក់ពន្ធនាគារនៅក្នុងប្រទេសរបស់លោក ត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញជាថ្នូរនឹងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាមេរិកខាងត្បូង។
លោក Maduro នៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍ លោកបានទាមទារឲ្យលោក Bukele ផ្តល់ភស្តុតាងពីជីវិតរបស់យុវជនទាំងអស់ដែលត្រូវបានចាប់ជំរិត។
មេធាវីជាច្រើននាក់ និងសាច់ញាតិរបស់ពលរដ្ឋវ៉េស៊ុយអេឡា ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអែល សាល់វ៉ាឌ័រ អះអាងថា ពួកគេពុំមែនជាសមាជិកក្រុមជនអន្ធពាលទេ។
តុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានរារាំងបណ្តោះអាសន្នចំពោះរដ្ឋបាល លោក Trump ពីការនិរទេសក្រុមស្រដៀងគ្នានេះ។