ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះ រោងចក្រ ឬក្រុមហ៊ុន រថយន្តដែលមានគុណភាព ភាពធន់ តម្លៃសមរម្យ ពីព្រោះកម្ពុជាគឺប្រកាន់នៅទីផ្សារសេរី ប្រកួតប្រជែងដោយស្នើភាពគ្នា។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងរោចក្រដែលស្នើសុំឱ្យរដ្ឋជួយទិញរថយន្តរបស់ខ្លួន ប៉ុន្ដែករណីនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចកំណត់ថាត្រូវទិញរថយន្តពីរោងចក្រ ឬក្រុមហ៊ុនណាមួយបានទេ តែត្រូវអាស្រ័យទៅលើទីផ្សារប្រកួតប្រជែងដោយស្នើភាពគ្នា ជាមួយគ្នានេះ រដ្ឋក៏ស្វាគមន៍ផងដែរចំពោះក្រុមហ៊ុនរថតយន្តដែលគុណភាព ភាពធន់ តម្លៃសមរម្យ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន រោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់ធ្វើការនៅក្នុងរោងចក្រនោះ ហើយនៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀត៕





