នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល នឹងធ្វើ«ការឆ្លើយតបយ៉ាងខ្លាំងក្លា» ចំពោះការវាយប្រហារម្តងហើយម្តងទៀត ដោយកងកម្លាំងហ៊ួទី នៅប្រទេសយេម៉ែន។
លោក ណេតាន់យ៉ាហ៊ូ បានធ្វើការគំរាម កំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ ក្នុងទីក្រុងតែលអាវីវ ( Tel Aviv) ដែលលោកបាននិយាយទៅកាន់«ក្រុមហ៊ួទីនិងអ្នកដែលមានបំណងចង់ឲ្យយើងធ្វើបាប» ដោយប្តេជ្ញាថា«ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីស្រាអែល នឹងមានចម្លើយ ពោលគឺនឹងមានការឆ្លើយតបយ៉ាងលើសលប់។
លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ក្នុងទម្រង់បែបណា ដែលការឆ្លើយតបនឹងត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែបាននិយាយថា អ៊ីស្រាអែល នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារបន្តលើទឹកដីរបស់ខ្លួនឡើយ។
លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន «ដែលបន្តបាញ់ប្រហារលើអ៊ីស្រាអែល» បាន «វាយលុកយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក»រួចហើយ។
កងកម្លាំងហ៊ួទីដែលមានមូលដ្ឋាន នៅយេម៉ែន បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូនរាប់សិបគ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល និងបានកំណត់គោលដៅលើការដឹកជញ្ជូនដែលមានទំនាក់ទំនង មួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។
ទាំងយោធាអ៊ីស្រាអែល និងក្រុមចម្រុះកងទ័ពជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិក ដែលឈរជើងនៅ សមុទ្រក្រហម បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសជាច្រើន នៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរារាំងក្រុមនេះ។