លោកប្រធានាធិបតី Trump កាលពីថ្ងៃចន្ទ (ទី២១ ខែមេសា) បាននិយាយថា លោកនឹងបង្ហាញខ្លឹមសារនៃផែនការសន្តិភាពដែលលោកបានស្នើឡើង សម្រាប់សង្គ្រាមអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ដែលអាចរួមមានទាំងការបញ្ចូលទាហានអឺរ៉ុប នៅក្នុងប្រទេសដែលហែកហួរដោយការប្រយុទ្ធគ្នាមួយនេះ ដើម្បីអនុវត្តបទឈប់បាញ់ដែលត្រូវបានស្នើឡើង។
សហរដ្ឋអាមេរិករំពឹងថា រុស្ស៊ី និងអ៊ុយក្រែន នឹងឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីលោក Trump កាលពីថ្ងៃសុក្រ បានគំរាមបញ្ឈប់ការចូលរួមរបស់អាមេរិកនៅក្នុងកិច្ចចរចាបទឈប់បាញ់ ក្រោយការពិភាក្សាជាច្រើនខែរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយភាគីជម្លោះទាំង២។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងផ្តល់ឲ្យអ្នកនូវព័ត៌មានលម្អិតទាំងស្រុង ក្នុងរយៈពេល ៣ថ្ងៃក្រោយ។ ប៉ុន្តែយើងមាននូវកិច្ចប្រជុំល្អខ្លាំងណាស់ ជុំវិញបញ្ហាអ៊ុយក្រែន និងរុស្ស៊ី។ យើងនឹងចាំមើលថា តើដំណើរការទៅជាយ៉ាងណា»។
ទោះបីជាលក្ខខណ្ឌមិនទាន់កំណត់ដាច់ស្រេចនៅឡើយ ខណៈដែលទីក្រុងគីវ និងមូស្គូ ពិភាក្សាគ្នាអំពីផែនការនេះ ក៏មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន The Post ថា ពួកគេអាចរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងអឺរ៉ុប នៅអ៊ុយក្រែន ប្រសិនបើការបញ្ចប់សង្គ្រាម និងបទឈប់បាញ់ កើតមានឡើង។
ការពិភាក្សានោះ គឺថា ត្រូវមានកងកម្លាំងរក្សាសន្តិភាពដាច់ដោយឡែកមួយ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ណាមួយ ដែលនឹងទំនងជា «គណៈកម្មការចម្រុះ» របស់រុស្ស៊ី អ៊ុយក្រែន និងប្រទេសទី៣ ដែលមិនមែនជាអង្គការណាតូ ដោយគណៈកម្មការនេះត្រូវតាមមើលសមរភូមិជួរមុខ ដើម្បីធានាឲ្យបានថា ភាគីទាំង២ កំពុងដាក់អាវុធរបស់ពួកគេចុះ៕

