ក្រសួងការបរទេសចិន បានប្រកាសថា ប្រទេសចិននឹងដាក់ទណ្ឌកម្មមន្ត្រីសហរដ្ឋអាមេរិក សមាជិកសភា និងមេអង្គការក្រៅរដ្ឋាភិបាល ដែលខ្លួនលើកឡើងថា បាន «អនុវត្តមិនត្រឹមត្រូវ» ជុំវិញបញ្ហាហុងកុង។
សហរដ្ឋអាមេរិក កាលពីខែមីនា បានដាក់ទណ្ឌកម្មលើមន្ត្រីចិន និងហុងកុងចំនួន ៦នាក់ ដែលខ្លួនបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនៅក្នុង «ការគាបសង្កត់ឆ្លងប្រទេស» និងចាត់វិធានការគំរាមកំហែង ដែលបំផ្លាញស្វ័យភាពរបស់ទីក្រុងបន្ថែមទៀត។
ជាវិធានការសងសឹក ចំពោះទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (ទី២១ ខែមេសា) អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun នៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការនេះ ដោយហៅការសម្រេចបែបនេះថា ជា «រឿងគួរឲ្យស្អប់ខ្ពើម»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកយ៉ាងខ្លាំងក្លាទៅក្នុងកិច្ចការរបស់ទីក្រុងហុងកុង និងបានបំពានគោលការណ៍ច្បាប់អន្តរជាតិ។
លោក Guo បានបញ្ជាក់ថា៖ «ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មលើសមាជិកសភា មន្ត្រី និងមេអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលបានអនុវត្តមិនត្រឹមត្រូវ ជុំវិញបញ្ហាទាក់ទងនឹងទីក្រុងហុងកុង»។ លោកបានសង្កត់ធ្ងន់ថា ការឆ្លើយតបត្រូវបានធ្វើឡើងស្របតាមច្បាប់ប្រឆាំងទណ្ឌកម្មបរទេស។
តែទោះជាយ៉ាងនេះក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីថា តើបុគ្គលរូបណាដែលត្រូវបានកំណត់គោលដៅនោះឡើយ៕