ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងរិះរកវិធី ដើម្បីបន្ធូរបន្ថយការនាំចេញឧស្ម័នរបស់សហរដ្ឋអាមេរិក ខណៈដែលការអនុលោមតាមច្បាប់នៃការបំភាយឧស្ម័នមេតានរបស់ខ្លួន ដែលជាកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យកិច្ចចរចាពាណិជ្ជកម្មប្រព្រឹត្តទៅដោយរលូនជាមួយទីក្រុងវ៉ាស៊ីនតោន។
ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា ជាផ្នែកនៃកិច្ចពិភាក្សាពាណិជ្ជកម្ម ដែលកំពុងបន្តមាន ជាមួយសហរដ្ឋអាមេរិក គណៈកម្មការអឺរ៉ុប កំពុងពិចារណាប្រើប្រាស់ភាពបត់បែន ក្នុងការអនុវត្តបទប្បញ្ញត្តិមេតានរបស់សហភាពអឺរ៉ុប។
ដោយចាប់ផ្ដើមពីឆ្នាំនេះ សហភាពអឺរ៉ុបតម្រូវឲ្យក្រុមហ៊ុននាំចូលប្រេង និងឧស្ម័ន តាមដាន និងរាយការណ៍ពីការបំភាយឧស្ម័នមេតានដែលទាក់ទងនឹងការនាំចូលរបស់ពួកគេ។ មេតានគឺជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពល និងជាអ្នករួមចំណែកធំទី២ ចំពោះបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីកាបូនឌីអុកស៊ីត។
យោងតាមសំណើរបស់គណៈកម្មាការ បានបង្ហាញថា ច្បាប់បច្ចេកទេសបន្ថែម អាចត្រូវបានណែនាំ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញឧស្ម័នរបស់សហរដ្ឋអាមេរិក គោរពតាមស្តង់ដារការបំភាយឧស្ម័នរបស់សហភាពអឺរ៉ុបជាផ្លូវការ។ តែទោះជាយ៉ាងណាក្ដី ប្រភពមិនបានបញ្ជាក់ថា តើវានឹងសម្រេចបានដោយរបៀបណានោះទេ។
សារព័ត៌មាន Reuters ក៏បានកត់សម្គាល់ផងដែរថា ចំណាត់ការនេះ អាចមានភាពស្មុគស្មាញដោយសារផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការលុបចោលបទប្បញ្ញត្តិមានស្រាប់របស់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យក្រុមហ៊ុនផលិតឧស្ម័ន រាយការណ៍ពីការបំភាយឧស្ម័នមេតានរបស់ពួកគេ ដែលធ្វើឲ្យវាកាន់តែពិបាក សម្រាប់សហភាពអឺរ៉ុប ក្នុងការបង្ហាញពីភាពត្រឹមត្រូវនៃការអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបំពេញតាមការតម្រូវដោយស្វ័យប្រវត្តិ៕