ក្រុមមេធាវី កាលពីថ្ងៃចន្ទ (ទី២១ ខែមេសា) បានប្រាប់ចៅក្រមថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានរៀបចំអនុវត្តការនិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡារាប់សិបនាក់ ដែលត្រូវបានឃុំខ្លួន ក្នុងរដ្ឋ Texas ក្រោមច្បាប់ឆ្នាំ២៩៧៨ ដែលត្រូវបានប្រើជាប្រវត្តិសាស្ត្រ ក្នុងសម័យសង្គ្រាម ដោយគ្មានការត្រួតពិនិត្យតាមផ្លូវតុលាការ និងផ្ទុយទៅនឹងដីកាពីមុនរបស់តុលាការកំពូលសហរដ្ឋអាមេរិក។
តាមរយៈឯកសារលាយលក្ខណ៍អក្សររបស់ខ្លួន ក្រុមមេធាវីរបស់សហជីពសេរីភាពស៊ីវិលអាមេរិក (ACLU) ដែលតំណាងឲ្យជនអន្តោប្រវេសន៍ បានជំរុញតុលាការកំពូលឲ្យបន្តរារាំងកុំឲ្យមានការនិរទេសទៅកាន់ពន្ធនាគារ ក្នុងប្រទេសអែលសាល់វាឌ័រ។ ឯកសាររបស់ ACLU បានរៀបរាប់ថា មន្ត្រីរដ្ឋបាលមិនបានផ្តល់ដំណឹងដល់ជនអន្តោប្រសវេសន៍ឲ្យបានសមរម្យ ឬឱកាស ក្នុងការជំទាស់នឹងការបណ្ដេញចេញ មុនពេលមនុស្សជាច្រើនត្រូវបាននាំឡើងឡានក្រុងដឹកឆ្ពោះទៅអាកាសយានដ្ឋាននោះឡើយ។
គួរបញ្ជាក់ថា ការដាក់ឯកសារនេះ គឺជាការវិវត្តចុងក្រោយបង្អស់ នៅក្នុងសមរភូមិផ្លូវច្បាប់ដ៏លេចធ្លោ ពាក់ព័ន្ធនឹងការបង្រ្កាបជនអន្តោប្រវេសន៍របស់ប្រធានាធិបតីទៅពីបក្សសាធារណរដ្ឋ ដែលបានមានមន្ទិលសង្ស័យ អំពីឆន្ទៈរបស់រដ្ឋបាលរបស់លោក ក្នុងការគោរពតាមដែនកំណត់ដែលបង្កើតឡើងស្ថាប័នតុលាការកំពូលរបស់សហរដ្ឋអាមេរិក៕