ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី២២ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបញ្ជូនតំណាងទៅកាន់សហភាពមីយ៉ាន់ម៉ា ដើម្បីតាមមើលបទឈប់បាញ់ដែលខ្លួនបានជួយសម្របសម្រួល រវាងយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ និងក្រុមឧទ្ទាម ដោយនេះជាសញ្ញាបង្ហាញពីការចូលរួមកាន់តែជ្រៅរបស់ទីក្រុងប៉េកាំង នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងរីករាលដាល។
សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីឆ្នាំ២០២១ មក នៅពេលដែលយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដែលបង្កឲ្យមានចលនាតវ៉ាទូទាំងប្រទេស រហូតប្រែក្លាយទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធា។

កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កាលពីឆ្នាំមុន បានដណ្តើមកាន់កាប់ទីបញ្ជាការយោធាដ៏សំខាន់មួយ ក្នុងទីក្រុង Lashio ក្បែរព្រំដែនជាមួយប្រទេសចិន ដោយនោះជាផ្នែកមួយនៃការវាយលុករបស់ក្រុមឧទ្ទាមនៅក្នុងប្រទេសនេះ ដែលបានដណ្តើមគ្រប់គ្រងដែនដីពីរបបយោធា។
ក្នុងខែមករា បន្ទាប់ពីមានកិច្ចពិភាក្សា រវាងរដ្ឋាភិបាលយោធា និង MNDAA នៅទីក្រុង Kunming របស់ចិន ទីក្រុងប៉េកាំង បានប្រាប់ឲ្យដឹងថា ភាគីជម្លោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីទទួលយកបទឈប់បាញ់។ តែប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីយោធាមួយចំនួន បានវិលត្រលប់ទៅទីក្រុង Lashio វិញ ដោយរថយន្តយោធាក៏ត្រូវបានឃើញផងដែរនៅក្នុងទីក្រុងភាគខាងជើង នាថ្ងៃអង្គារនេះ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានឡើយ។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា៖ «ភាគីទាំង២ ពេញចិត្ត និងអរគុណប្រទេសចិន ចំពោះតួនាទីស្ថាបនា ក្នុងការការពារសន្តិភាព និងស្ថិរភាព នៅភាគខាងជើងនៃសហភាពមីយ៉ាន់ម៉ា។ ដោយធ្វើដំណើរឆ្ពោះទៅមុខ ប្រទេសចិននឹងបន្តជំរុញកិច្ចចរចាសន្តិភាពទីក្រុង Kunming»៕

