មុនពេលមានកិច្ចពិភាក្សាជុំថ្មី នៅថ្ងៃពុធ (ទី២៣ ខែមេសា) រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា បណ្ដាប្រទេសមហាអំណាចអឺរ៉ុប បានប្រាប់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា ទិដ្ឋភាពមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន រវាងអ៊ុយក្រែន និងរុស្ស៊ី នឹងមិនអាចចរចាបានឡើយ សម្រាប់ប្រទេសទាំងនោះ។
អ៊ុយក្រែន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានបើកកិច្ចចរចារួមគ្នាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់អំណាច កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយប្រទេសចូលរួមបានចែករំលែកទស្សនៈ ជុំវិញវិធីសាស្ត្របញ្ចប់សង្រ្គាមដែលអូសបន្លាយជាង ៣ឆ្នាំមកហើយនោះ។
បណ្ដាមន្ត្រីជាន់ខ្ពស់ ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបប្រជុំគ្នាម្តងទៀត នៅទីក្រុងឡុងដ៍ នាថ្ងៃពុធនេះ។
ដោយសំដៅទៅលើបញ្ហាដែលមេដឹកនាំអឺរ៉ុបនឹងមិនកែប្រែគោលជំហរនោះ លោក Barrot នៅថ្ងៃអង្គារ (ទី២២ ខែមេសា) នេះ បានប្រាប់វិទ្យុ franceinfo ថា៖ «គោលបំណងតែមួយគត់ដែលយើងបារម្ភ គឺការពារផលប្រយោជន៍របស់បារាំង និងសន្តិសុខអឺរ៉ុប។ វាគឺជាហេតុផល ដែលថា នៅពេលដែលសហរដ្ឋអាមេរិកសម្រេចដាក់ខ្លួនធ្វើតួនាទីជាអ្នកសម្រុះសម្រួល យើងត្រូវប្រាប់ពួកគេអំពីបន្ទាត់ក្រហមរបស់យើង គឺជាអ្វី»។ យ៉ាងណាក្ដី លោកមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមឡើយ។
នៅពេលត្រូវបានសួរថា តើលោកគិតថា ការអះអាងរបស់លោក Trump ដែលថា កិច្ចព្រមព្រៀងសន្តិភាពអាចត្រូវបានប្រកាសនៅសប្តាហ៍នេះគួរឲ្យទុកចិត្តបានដែរ ឬអត់នោះ លោក Barrot បានឆ្លើយតបថា វាអាស្រ័យលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕