ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បើកចំហក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាដោយប្រយោល ដែលកំពុងបន្ត ប្រសិនបើផលប្រយោជន៍ជាតិរបស់ប្រទេស ត្រូវបានការពារ។
លោក Pezeshkian បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ថា៖«នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងមួយ នៅក្នុងក្របខ័ណ្ឌដែលបានកំណត់ ហើយខណៈពេលដែលមានធានាដល់ផលប្រយោជន៍ជាតិរបស់យើង»។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានព្រមានថា៖«ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេ (តំណាងសហរដ្ឋអាមេរិក) បដិសេធមិនចរចាជាមួយយើងក្នុងលក្ខខណ្ឌស្មើភាពគ្នា យើងនឹងបន្តនៅលើផ្លូវរបស់យើង»។
លោកបានបន្ថែមថា ដូចដែលបានបញ្ជាក់ពីមុនដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei អ៊ីរ៉ង់ នៅតែ «មិនមានសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយម» ចំពោះការចរចានេះ។
លោក Pezeshkian ក៏បានបញ្ជាក់ម្តងទៀតថា ទីក្រុងតេអេរ៉ង់ មិនស្វែងរកជម្លោះទេ ប៉ុន្តែនឹងទប់ទល់នឹងការប៉ុនប៉ងបង្ខិតបង្ខំណាមួយ។ លោកបានបន្តថា៖«យើងមិនចង់ប្រឈមមុខជាមួយនរណាម្នាក់ទេ ប៉ុន្តែយើងនឹងមិនអត់ឱនចំពោះសម្ពាធឬការគំរាមកំហែងឡើយ»។