នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ (ទី២២ ខែមេសា) នេះ ក្រុមសកម្មប្រយុទ្ធ Jama'a Islamiya បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃរដ្ឋធានីរបស់ប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់។
ពាក់ព័ន្ធនឹងការលើកឡើងនេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេពីយោធាអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការវាយប្រហារ នាព្រឹកថ្ងៃអង្គារនេះ បានសម្លាប់លោក Hussein Attawi ដែលជាមេបញ្ជាការដ៏សំខាន់បំផុតនៅក្នុងអង្គភាពប្រដាប់អាវុធ ដែលជាមែកធាងរបស់ក្រុមឥស្លាមនិយមនិកាយស៊ុននី Jama'a Islamiya ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំង Fajr ខណៈដែលរូបលោកកំពុងបើកបរពីផ្ទះរបស់លោកទៅកាន់ការិយាល័យ ក្នុងទីក្រុង Beirut។
គួរបញ្ជាក់ថា កងកម្លាំង Fajr នេះ បានបាញ់រ៉ូកែតឆ្លងព្រំដែនពីភាគខាងត្បូងនៃប្រទេសលីបង់ទៅកាន់ប្រទេសអ៊ីស្រាអែល ពេញមួយសង្គ្រាមដែលត្រូវបានបញ្ចប់កាលពីឆ្នាំមុន នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកជាច្រើននាក់របស់ក្រុមនេះ ក្នុងអំឡុងពេលមានជម្លោះនេះ។
ចាប់តាំងពីមានបទឈប់បាញ់មក អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារលើដែនដីលីបង់ ដែលភាគច្រើនសំដៅទៅលើយុទ្ធជនមកពីក្រុមប្រដាប់អាវុធលីបង់ គឺហេសបូឡា ឬឃ្លាំងអាវុធរបស់ក្រុមនេះ។ ហើយទាហានអ៊ីស្រាអែលនៅតែកាន់កាប់ទីតាំងតំបន់ភ្នំសំខាន់ៗចំនួន ៥ នៅភាគខាងត្បូងប្រទេសលីបង់៕