បទឈប់បាញ់មីយ៉ាន់ម៉ាដែលត្រូវបានប្រកាសក្រោយការរញ្ជួយដីដ៏ខ្ទេចខ្ទាំកាលពីខែមុន នឹងផុតកំណត់នៅថ្ងៃអង្គារនេះ ខណៈដែលក្រុមជំនួយ និងក្រុមសម្របសម្រួលអន្តរជាតិអំពាវនាវឲ្យបន្តបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយដល់កិច្ចខិតខំជួយសង្រ្គោះ ។
របបសឹកដែលបានរឹបអូសអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១បង្កឲ្យកើតមានសង្រ្គាមស៊ីវិលរបស់ភាគីជាច្រើននោះ និយាយថា ពួកគេនឹងបន្ធូរបន្ថយការវាយប្រហារលើគូប្រជែងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រសម្លាប់មនុស្សជាង ៣.៧០០នាក់ ។
ក្រុមអ្នកតាមដានជម្លោះ និងក្រុមអ្នកសុ្រកនៅតំបន់ជម្លោះ និយាយថា ការប្រយុទ្ធគ្នានៅតែបន្តពីភាគីទាំង ២ អំឡុងបទឈប់បាញ់រយៈពេល ២០ថ្ងៃ ដែលត្រូវបានប្រកាសឡើងដើម្បីចែកចាយជំនួយនៅតំបន់ភាគកណ្តាលមីយ៉ាន់ម៉ា ហើយបទឈប់បាញ់នេះ នឹងត្រូវផុតកំណត់នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច ម៉ោងសកលថ្ងៃអង្គារនេះ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា គ្មានការបន្តបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងនោះទេនៅព្រឹកថ្ងៃអង្គារនេះ ហើយអ្នកនាំពាក្យរបបសឹកពុំអាចសុំសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា បណ្តាលឲ្យមនុស្សជាង ៦ម៉ឺននាក់ រស់នៅក្នុងជំរំសំពត់តង់ ហើយនិងជំរុញឲ្យមនុស្ស ២លាននាក់ ត្រូវការជំនួយសំខាន់ៗ និងការការពារ ៕