វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២២ ខែមេសា) បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមរួចជាស្រេច ក្នុងការពិចារណាពីសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលចង់ឲ្យបញ្ឈប់ការវាយប្រហារដោយភាគីទាំង២ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់គ្នាទៅវិញទៅមក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាជាប្រធានបទដ៏ស្មុគស្មាញមួយ ដែលលោកប្រធានាធិបតី Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សា។ ប៉ុន្តែលោកក៏បានប្រាប់អ្នកសារព័ត៌មានដែរថា មិនមានផែនការជាក់លាក់នៅឡើយទេ នាពេលនេះ សម្រាប់ការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន។
គួរបញ្ជាក់ថា ភាគីជម្លោះទាំង២ កំពុងស្ថិតនៅក្រោមសម្ពាធ ដើម្បីឲ្យបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដែលឥឡូវនេះឈានចូលដល់ឆ្នាំទី៤ ហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាលពីសប្តាហ៍មុនថា នឹងបោះបង់ចោលកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការនាំឲ្យប្រទេសទាំង២ ឈានដល់កិច្ចព្រមព្រៀង។
លោក Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពិភាក្សាក្នុងទម្រង់ណាមួយ ដើម្បីបញ្ចប់ការវាយប្រហារលើទីតាំងស៊ីវិល។ នៅពេលត្រូវបានសួរអំពីការឆ្លើយតបរបស់វិមានក្រឹមឡាំង លោក Peskov បាននិយាយថា ប្រធានបទនេះចាំបាច់ត្រូវពិភាក្សាដោយពិចារណាលើបទពិសោធន៍នៃបទឈប់បាញ់ក្នុងថ្ងៃបុណ្យ Easter រយៈពេល ៣០ម៉ោង ដែលលោក Putin បានប្រកាសកាលពីចុងសប្តាហ៍។
យ៉ាងណាក្ដី លោកមិនបានបញ្ជាក់អំពីគារជាប់ពាក់ព័ន្ធគ្នា រវាងបញ្ហាទាំង ២ នេះទេ។ ភាគីនីមួយៗ បានចោទប្រកាន់ទៅវិញទៅមកថា បានបំពានបទឈប់បាញ់ ក្នុងថ្ងៃបុណ្យ Easter រាប់មិនអស់ និងបំពានម្តងហើយម្តងទៀតលើកិច្ចព្រមព្រៀងផ្អាកដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែមុន ដោយបានវាយប្រហារគោលដៅថាមពល ដូចជាបណ្តាញអគ្គិសនី និងរោងចក្រចម្រាញ់ប្រេងជាដើម៕