អង្គភាពប្រដាប់អាវុធរបស់ក្រុមឥស្លាមជីហាតប៉ាឡេស្ទីន (PIJ) និងមន្ត្រីស៊ីរី នៅថ្ងៃអង្គារ (ទី២២ ខែមេសា) នេះ បានឲ្យដឹងថា អាជ្ញាធរស៊ីរី បានឃុំខ្លួនសមាជិកជាន់ខ្ពស់ ២នាក់នៃក្រុមសកម្មប្រយុទ្ធមួយនេះ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលបើកប្រតិបត្តិការចេញពីតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Al Quds បានឲ្យដឹងថា លោក Khaled Khaled ដែលដឹកនាំប្រតិបត្តិការរបស់ក្រុមឥស្លាមជីហាត នៅក្នុងប្រទេសស៊ីរី និងលោក Yasser al-Zafari ដែលជាប្រមុខគណៈកម្មាធិការអង្គការរបស់ក្រុមនេះ បានស្ថិតនៅក្នុងឃុំខ្លួនរបស់ស៊ីរី អស់រយៈពេល ៥ថ្ងៃមកហើយ។
ក្រុមនេះបានឲ្យដឹងទៀតថា បុរសទាំង ២នាក់នោះ ត្រូវបានឃុំខ្លួន «ដោយគ្មានការពន្យល់ពីមូលហេតុ» អ្វីឡើយ និង «ក្នុងលក្ខណៈដែលយើងមិនសង្ឃឹមថា នឹងបានជួបបងប្អូន» ហើយបានអំពាវនាវឲ្យមានការដោះលែងពួកគេ។
មន្ត្រីម្នាក់មកពីក្រសួងមហាផ្ទៃរបស់ស៊ីរី បានបញ្ជាក់ពីការឃុំខ្លួននេះ ប៉ុន្តែមិនបានឆ្លើយតបទៅនឹងសំណួរបន្ថែមដែលថា ហេតុអ្វីបានជាអ្នកទាំង២ ត្រូវបានចាប់ខ្លួននោះឡើយ។ ប្រភពប៉ាឡេស្ទីន នៅទីក្រុងដាម៉ាស ក៏បានបញ្ជាក់ពីការចាប់ខ្លួននេះដែរ។
ក្រុមជីហាតអ៊ីស្លាមបានចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសដែលជាក្រុមគ្រប់គ្រងតំបន់ហ្កាហ្សា ដើម្បីបើកការវាយប្រហារលើអ៊ីស្រាអែល ក្នុងឆ្នាំ២០២៣។ ក្រុមនេះគឺជាអ្នកទទួលមូលនិធិ និងចំណេះដឹងពីអ៊ីរ៉ង់ ហើយមានទីស្នាក់ការបរទេសជាយូរមកហើយ នៅក្នុងប្រទេសស៊ីរី និងលីបង់៕