ប្រភពមួយពីនគរបាល បានប្រាប់សារព័ត៌មាន Reuters ថា គេបារម្ភថា យ៉ាងហោចណាស់អ្នកទេសចរ ៥នាក់ បានបាត់បង់ជីវិត ហើយមនុស្ស ៨នាក់ទៀត បានរងរបួស ក្រោយមានការសង្ស័យថា ពួកសកម្មប្រយុទ្ធ បានបើកការបាញ់ប្រហារលើពួកគេ នៅក្នុងតំបន់ Kashmir របស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី២២ ខែមេសា)។
ការវាយប្រហារនេះ បានកើតឡើងនៅតំបន់ Pahalgam ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងដែនដីដ៏ស្រស់ត្រកាលដែលមានអ្នកកាន់សាសនាឥស្លាមដោយភាគច្រើន និងដែលទាក់ទាញភ្ញៀវទេចរណ៍រាប់ពាន់នាក់រៀងរាល់រដូវក្តៅ ខណៈដែលអំពើហិង្សាបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ បានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រភពបានប្រាប់ថា អ្នករងរបួសត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់។ ចំណែកទូរទស្សន៍ឥណ្ឌា បានរាយការណ៍មុននេះថា មានអ្នកស្លាប់ម្នាក់ ហើយ ៧នាក់រងរបួស នៅក្នុងការវាយប្រហារនេះ។
គួរបញ្ជាក់ថា តំបន់ហិមាល័យ ដែលត្រូវបានទាមទារទាំងស្រុង ប៉ុន្តែត្រូវបានចែកគ្នាគ្រប់គ្រង ដោយឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានជួបប្រទះនឹងភាពមិនស្ងប់សុខដោយសារអំពើហង្សារបស់ក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីដើមដំបូងនៃការបះបោរប្រឆាំងឥណ្ឌា ក្នុងឆ្នាំ១៩៨៩។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សា បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការវាយប្រហារទៅលើអ្នកទេសចរ នៅតំបន់ Kashmir កម្រកើតមានណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានកើតឡើងម្ដងម្កាល៕