ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ប្រកបដោយភាពធន់ និងធានានូវចីរភាពនៃការប្រើប្រាស់យូរអង្វែង ដែលជាការរឆ្លើយតបទៅនិងបរិបទ និងតម្រូវការជាក់ស្តែងនៅតាមតំបន់ជនបទនីមួយៗ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ គីឡូ- ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី ២២ ខែ មេសា នេះថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាម រយៈការលើកកម្ពស់សេវាសង្គមនានា ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការស្តារ ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។
ឯកឧត្តម បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវ ក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញដំណើរអន្តរកម្មផ្នែក សង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន, នេះជាការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ ជាក់ស្តែងសមិទ្ធផលថ្មីនេះ បានផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅក្នុងសហគមន៍ មាន ផ្លូវធ្វើដំណើរកាន់តែងាយស្រួល និងបានកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ និងបានវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានយកចិត្តទុកដាក់លើការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នេះ។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់ និងឆ្លើយតបទៅនឹងបរិបទ និងតម្រូវការជាក់ស្តែងនៅតំបន់ជនបទតាមរយៈការស្ថាបនា កែលម្អ លើកកម្រិតគុណភាព ថែទាំ ជួសជុល ក៍ដូចជាការខិតខំសិក្សាស្រាវជ្រាវ ស្វែងរកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការងារសាងសង់ផ្លូវជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ និងពង្រឹងបន្ថែមលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ទីរពិសោធន៍ ក្នុងការធ្វើពិសោធសម្ភារៈសំណង់ដូចជាគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ ដើម្បីធានាគុណភាពផ្លូវជនបទ និង សំណង់សិល្បការ្យនានា ឱ្យស្របតាមស្ដង់ដារ និងបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្ត ដែលជាប្រយោជន៍សម្រាប់សាធារណជន ប្រើប្រាស់ប្រកបដោយនិរន្ត និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី









