យោធាអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតមួយក្នុងចំណោមការវាយប្រហារដ៏សាហាវជាច្រើនក្នុងតំបន់ហ្កាហ្សាអស់រយៈពេលជាច្រើនសប្តាហ៍កាលពីថ្ងៃអង្គារ ហើយមន្ត្រីសុខាភិបាលបានចេញការព្រមានថ្មីមួយថា ការថែទាំសុខភាពប្រឈមការដួលរលំទាំងស្រុងដោយសារការបិទផ្លូវរបស់អ៊ីស្រាអែលមិនឲ្យមានការផ្គត់ផ្គង់ជំនួយទាំងអស់។

ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដែលគាំទ្រដោយអង្គការសហប្រជាជាតិ សំដៅលើគោលដៅកុមារជាង៦០០.០០០នាក់ ត្រូវបានផ្អាក ដោយធ្វើឱ្យតំបន់រងការឡោមព័ទ្ធមួយនេះប្រឈមហានិភ័យការផ្ទុះរាលដាលឡើងវិញនៃជំងឺនាំឲ្យមានពិការភាព ដែលធ្លាប់ត្រូវបានកម្ចាត់ចោលទាំងស្រុង។

ក្នុងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ គណៈប្រតិភូហាម៉ាស ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងគែរ (Cairo)ដើម្បីពិភាក្សា។ ប្រភពពីរដែលបានដឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបាននិយាយថា គណៈប្រតិភូនឹងពិភាក្សាលើការផ្តល់ជូនថ្មីដែលនឹងរួមបញ្ចូលបទឈប់បាញ់រយៈពេល ៥ ទៅ ៧ ឆ្នាំបន្ទាប់ពីការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការបញ្ចប់ការប្រយុទ្ធគ្នា។
ប្រភពនានាបាននិយាយថា អ៊ីស្រាអែល ដែលបានបដិសេធសំណើរបស់ហាម៉ាសនាពេលថ្មីៗនេះ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់សម្រាប់ការបញ្ចប់សង្រ្គាមនោះ ពុំទាន់ឆ្លើយតបទៅនឹងសំណើបទឈប់បាញ់រយៈពេលវែងដែលត្រូវបានកែសម្រួលឡើងវិញនោះទេ។ អ៊ីស្រាអែលទាមទារឱ្យក្រុមហាម៉ាស ត្រូវរំសាយអាវុធ ដែលក្រុមសកម្មប្រយុទ្ធបដិសេធ។
អ៊ីស្រាអែលបានបិទផ្លូវទាំងស្រុងលើការផ្គត់ផ្គង់ទាំងអស់ទៅកាន់តំបន់ហ្កាហ្សាចាប់តាំងពីដើមខែមីនា ហើយបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់។
យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង១.៦០០នាក់ ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈអ៊ីស្រាអែលបានរឹបអូសយកអ្វីដែលហៅថាតំបន់ទ្រនាប់នៃដែនដីហ្កាហ្សា៕