មន្ទីរពេទ្យដ៏សំខាន់បំផុតមួយក្នុងប្រទេសហៃទី កំពុងបង្ខំចិត្តបិទទ្វារឈប់ដំណើរការ ដោយសារតែអសន្តិសុខកាន់តែអាក្រក់ឡើង បន្ទាប់ពីក្រុមជនអន្ធពាលប្រដាប់អាវុធ បានវាយប្រហារទីក្រុង Mirebalais ភាគកណ្តាល នេះបើយោងតាមឯកសារផ្ទៃក្នុងដែលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ (២២ មេសា) ដែលជាការវាយលុកមួយផ្សេងទៀតដល់វិស័យសុខភាពដ៏ផុយស្រួយរបស់ប្រទេស។

នាយកប្រតិបត្តិរងរបស់មន្ទីរពេទ្យ University of Mirebalais បានប្រាប់រ៉យទ័រថា មន្ទីរពេទ្យនោះបានបិទប្រកបដោយប្រសិទ្ធភាពនៅដើមខែមេសា ក្រោយផ្ទេរអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀតក្នុងតំបន់។

មន្ទីរពេទ្យនេះស្ថិតក្នុងទីក្រុងប្រហែល ៥៥គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី ព័រអូប្រាំង ហើយបានដំណើរការជាមន្ទីរពេទ្យសំខាន់សម្រាប់អ្នកជំងឺ ដោយផ្តល់នូវការថែទាំដែលមានតម្លៃសមរម្យសម្រាប់ករណីលំបាកៗ រាប់ចាប់ពីជំងឺកូវីដ១៩ រហូតដល់ការព្យាបាលជំងឺមហារីកកម្រិតខ្ពស់។ ការបិទមន្ទីរពេទ្យនេះនឹងក្លាយជារឿងដ៏លំបាកថែមទៀតសម្រាប់ពលរដ្ឋហៃទីជាច្រើន ដែលកំពុងរងគ្រោះក្នុងអំពើហិង្សាដ៏អាក្រក់រួចទៅហើយ។
អង្គការគ្រូពេទ្យគ្មានព្រំដែន MSF ថ្មីៗនេះក៏បានបញ្ឈប់សេវាកម្មនៅជុំវិញរដ្ឋធានីហៃទីរហូតដល់ចុងខែមិថុនា ដោយលើកឡើងពីការបាញ់ប្រហារដាក់គោលដៅប្រឆាំងនឹងយានជំនិះមួយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ក្រុមជនអន្ធពាលប្រដាប់អាវុធ បានបង្កហិង្សាដ៏បង្ហូរឈាម និងមានប្រៀបយ៉ាងខ្លាំងនៅក្នុងផ្នែកដំបូងនៃឆ្នាំនេះ ហើយបញ្ហាជាច្រើនដូចជា កងកម្លាំងសន្តិសុខក្នុងតំបន់ជួបការលំបាក និងការគាំទ្រពីអន្តរជាតិមានកម្រិត បានជំរុញឱ្យមានអំពើហិង្សា និងបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ទៀតឱ្យរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ៕