ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងនៅថ្ងៃនេះថា កម្ពុជានៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១នេះ នឹងចាប់ផ្តើមមានកំណើនអ្នកដំណើរអន្តរជាតិ ដែលជាភ្ញៀវទេសចរ អ្នកដំណើរអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិមកកម្ពុជាច្រើនថែមទៀត ខណៈនៅពាក់កណ្តាលខែធ្នូនេះដែរ បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដែលបានស្នើបើកជើងហោះហើរមកកម្ពុជានោះ នឹងចាប់ផ្តើមបើកសកម្មភាពហោះហើរត្រង់មកកម្ពុជាឡើងវិញស្របៗគ្នា។
ឯកឧត្តម ជា អូន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងប្រាប់ BTVនៅថ្ងៃទី ៧ខែធ្នូនេះថា នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងបានបើកដំណើរការសកម្មដឹកអ្នកដំណើរអន្តរជាតិមកកម្ពុជា បច្ចុប្បន្ន គឺសំគាល់ឃើញមាន ក្រុមហ៊ុនអាកាសចរណ៍ Angkor air , Cambodia Airline , និងSingapore airline ជាដើម បានដំណើរការដឹកអ្នកដំណើរអន្តរជាតិក្នុងមួយថ្ងៃៗមានចំនួនប្រមាណពី ៦០០នាក់ទៅ ១០០០នាក់ ហើយចំនួននេះ នឹងកើនឡើងរហូតដល់ទៅ៣ដងទៀត ឬច្រើនជាងនេះ ចាប់ពីពាក់កណ្តាលខែធ្នូនេះតទៅ។
ឯកឧត្តម ជា អូន បន្តថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានស្នើសុំពង្រីកជើងហោះហើរត្រង់មកកម្ពុជាបន្ថែម នៅក្នុងអំឡុងពេលនេះ រួមមាន៖ Singapore Airlineស្នើពង្រីកជើងហោះហើរត្រង់សឹង្ហបូរី កម្ពុជា ហើយក្រុមហ៊ុន Malaysia Airline, Jet Star និងAir Asia បានចាប់ផ្តើមស្នើបើកជើងត្រង់ម៉ាឡេស៊ី កម្ពុជាចាប់ពីពាក់កណ្តាលខែធ្នូនេះតទៅដែរ។
សូមបញ្ជាក់ថា បើតាមការអោយដឹងពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីចុងខែវិច្ឆិកានេះថា គិតត្រឹមដំណាច់ខែវិច្ឆិកា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦បានស្នើសុំបើកជើងហោះហើរត្រង់មកកម្ពុជា ហើយក្រុមហ៊ុនទាំងនោះរួមមាន៖ ទី១ ក្រុមហ៊ុន Smile Airway ស្នើបើកជើងហោះហើរភ្នំពេញ-ថៃ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ទី២ក្រុមហ៊ុនBangkok Airway ស្នើសុំបើកហោះត្រង់ភ្នំពេញ-ថៃ ចំនួន១០ជើងក្នុងមួយសប្តាហ៍ ទី៣ ក្រុមហ៊ុន Air Asia បើកហោះហើរភ្នំពេញ-ថៃ ចំនួន៣ជើងក្នុងមួយសប្តាហ៍ ទី៤ ក្រុមហ៊ុនPhillipine airline ស្នើបើកហោះត្រង់កម្ពុជា-ហ្វីលីពីន ១ជើងក្នុងមួយសប្តាហ៍ ទី៥ ក្រុមហ៊ុនអាកាសចរណ៍កាតៃ ស្នើបើកហោះត្រង់ហុងកុង-កម្ពុជា ១ជើងក្នុងមួយសប្តាហ៍ និងទី៦ ក្រុមហ៊ុន Singapore Airline ស្នើសុំបើកជើងហោះហើរលើកំណាត់ផ្លូវភ្នំពេញ-សឹង្ហបូរី ចំនួន ១៤ជើងក្នុងមួយសប្តាហ៍ និងស្នើហោះត្រង់សៀមរាប-សឹង្ហបូរី ៧ជើងក្នុងមួយសប្តាហ៍។
នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បន្តថា បើគិតនៅមុនថ្ងៃ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ចំនួនអ្នកដំណើរចេញចូលមានប្រមាណ ៣៥៣៩នាក់ក្នុងមួយសប្តាហ៍ ហើយនៅក្រោយថ្ងៃប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញ ក្នុងរយៈពេល១សប្តាហ៍ដំបូង ចំនួនអ្នកដំណើរអន្តរជាតិចេញចូលមកកម្ពុជាបានកើនដល់ ៩០៣១នាក់ ក្នុងមួយសប្តាហ៍៕
អត្ថបទ ស៊ុម សុខជា
