រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងស្នើឱ្យមានការរុះរើទ្រង់ទ្រាយធំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនឹងលុបបំបាត់ការិយាល័យជាង ១០០ផ្នែក រួមទាំងការងារមួយចំនួនលើឧក្រិដ្ឋកម្មសង្គ្រាម និងការតស៊ូមតិសិទ្ធិ ដើម្បីធានាថា ទីភ្នាក់ងារនេះកំពុងដើរស្របតាមគោលនយោបាយអាទិភាព "យកអាមេរិកជាធំ" របស់លោក Trump។

ផែនការ ដែលបានជូនដំណឹងដល់សភារួចហើយនេះ នឹងលុបបំបាត់ការងារ ១៣២ផ្នែក នៃការិយាល័យ និងផ្នែកកិច្ចការសរុបចំនួន ៧៣៤ របស់ក្រសួង នេះបើតាមអនុស្សរណៈរបស់ក្រសួងការបរទេស ដែលមើលលឃើញដោយសារព័ត៌មានរ៉យទ័រ ខណៈក្រុមមន្រ្តីជាន់ខ្ពស់នឹងដាក់ផែនការកាត់បន្ថយបុគ្គលិកចំនួន ១៥% ។

ភ្លាមៗនេះគេមិនទាន់ដឹងទេថា តើមានមនុស្សប៉ុន្មាននាក់នឹងត្រូវបញ្ឈប់ពីការងារជាលទ្ធផលនៃការកែប្រែនេះ ប៉ុន្តែរបាយការណ៍មួយចេញផ្សាយតាមអ៊ីនធឺណិតដោយសារព័ត៌មាន Free Press ដែលរដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានបង្ហោះនៅលើបណ្ដាញសង្គម X បាននិយាយថា ការងារចំនួន ៧០០មុខតំណែងបន្ថែមទៀត នឹងត្រូវលុបចោលនៅក្នុងការិយាល័យដែលត្រូវបានបិទ។

ការរុះរើដ៏ធំនេះកើតឡើងជាផ្នែកមួយនៃការជំរុញដែលមិនធ្លាប់មានពីមុនមកដោយលោក Trump និងទីប្រឹក្សាមហាសេដ្ឋីរបស់ខ្លួនគឺលោក Elon Musk ដើម្បីបង្រួញរដ្ឋាភិបាលសហព័ន្ធ ដោយនិយាយថា ប្រាក់របស់អ្នកបង់ពន្ធសហរដ្ឋអាមេរិក មិនត្រូវចំណាយខ្ជីខ្ជាទេ ខណៈកិច្ចខិតខំប្រឹងប្រែងបែបនេះបាននាំឱ្យមានការបណ្តេញបុគ្គលិករដ្ឋាភិបាលអាមេរិក រាប់ពាន់នាក់រួចមកហើយ៕