ស្នូកឃ័រ៖ កីឡាករស្នូកឃ័រចិន Zhao Xintong បានគ្រងជើងឯកការប្រកួតពានរង្វាន់ UK Championship ជាលើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានឈានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងអាជីពរបស់ខ្លួន តែហាក់ប្រកួតដោយគ្មានភ័យព្រួយ និងពេញដោយទំនុកចិត្តដោយយកឈ្នះក្នុងលទ្ធផល ១០-៥ហ្វ្រេម។

បន្ទាប់ពីនាំមុខដំណាក់កាលដំបូង ៥-៣ហ្វ្រេម Zhao Xintong មិនភ្លាត់ឡើយនៅដំណាក់កាលទី២។ Zhao Xintong បានក្លាយជាកីឡាករដែលនៅក្រៅចក្រភពអង់គ្លេសទី៤ ដែលឈ្នះជើងឯក UK Championship និងបានធ្វើឱ្យគេឡើងមកឈរលេខ ៩ ពិភពលោកផងដែរ។
ជើងឯក UK Championship កីឡាករចិន Zhao Xintong ទទួលបានប្រាក់រង្វាន់ ២០ម៉ឺនផោន និងបានធានាកៅអីចូលរួមការប្រកួតពានរង្វាន់ Masters នៅទីក្រុងឡុងដ៍ខែក្រោយផងដែរ៕
អត្ថបទ៖នាង សុភាវុធ