សេតវិមានបានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាចំនួនបី រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ នៅខែក្រោយ។ លោកត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែននិងតំបន់ហ្កាហ្សា ជាមួយមេដឹកនាំតំបន់។

អ្នកនាំពាក្យលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា។ លោកស្រី Leavitt បាននិយាយថា ដំបូងឡើយ លោក Trump មានគម្រោងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាជាគោលដៅនៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិទីពីររបស់លោក។ ទោះបីជាយ៉ាងណា លោកបានបង្ហាញពីបំណងរបស់លោកក្នុងការធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស។
ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសនៅបរទេសដំបូងគេដែលលោក Trump បានធ្វើទស្សនកិច្ចក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។ លោកត្រូវបានគេជឿថាកំពុងស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយព្រះរាជាណាចក្រមួយនេះនៅក្នុងអាណត្តិទីពីររបស់លោក។ ការពិភាក្សានៅទីនោះ ត្រូវបានគេរំពឹងថានឹងរួមមានស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈប្រទេសអារ៉ាប៊ីសាអូឌីត បានរៀបចំកិច្ចពិភាក្សា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកឆ្ពោះទៅរកបទឈប់បាញ់រវាងទីក្រុងគីវ និងទីក្រុងមូស្គូ។
ស្ថានភាពនៅតំបន់ហ្កាហ្សា ក៏ទំនងជាត្រូវបានពិភាក្សាផងដែរ ខណៈកិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយម បានជាប់គាំង។