សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារទី២២ ខែមេសា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីសម្តែង «ការរំលែកទុក្ខដ៏ក្រៀមក្រំ» បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលសង្ស័យ បានបើកការបាញ់ប្រហារលើអ្នកទេសចរនៅក្នុងតំបន់ Jammu និង Kashmir របស់ឥណ្ឌា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់។

នៅក្នុងការបង្ហោះនៅលើបណ្តាញ Truth Social លោក Trump បាននិយាយថា ឥណ្ឌាបានគាំទ្រសហរដ្ឋអាមេរិកយ៉ាងពេញលេញ ហើយ«ដំណឹងដ៏គួរឱ្យសោកស្ដាយយ៉ាងខ្លាំង ចេញពីតំបន់កាស្មៀរ» សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រទេសឥណ្ឌាប្រឆាំងអំពើភេរវកម្ម។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២៦នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកទេសចរនៅតំបន់កាស្មៀរ គ្រប់គ្រងដោយប្រទេសឥណ្ឌា។ ពួកគេនិយាយថា ជនរងគ្រោះរួមមានទាំងភ្ញៀវទេសចរឥណ្ឌានិងបរទេស។
ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Jammu និង Kashmir ជាតំបន់អះអាងសិទ្ធដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ វី
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានសម្តែងការរំលែកទុក្ខចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ លោកក៏បានសរសេរថា «អ្នកដែលនៅពីក្រោយអំពើដ៏បង្ហូរឈាមនេះនឹងត្រូវតែបាននាំយកមកកាត់ទោស»។