ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា សង្រ្គាមរបស់ក្រុមជនអន្ធពាលនៅទីក្រុង ព័រ អូប្រាំង ប្រទេសហៃទី បានរាលដាលចូលទៅក្នុងតំបន់ភាគកណ្តាលតាមបណ្តោយព្រំដែនរបស់ប្រទេស ដោយបង្ខំឱ្យមនុស្សជាច្រើនភៀសខ្លួនចេញពីលំនោឋានរបស់ពួកគេ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការកើនឡើងអំពើហិង្សាប្រដាប់អាវុធ បានជំរុញឱ្យមនុស្សជាច្រើនភៀសខ្លួនចេញពីលំនៅឋាននៅក្នុងផ្នែកមួយចំនួននៃតំបន់ភាគកណ្តាលនៅតាមបណ្តោយព្រំដែនរបស់ប្រទេសហៃទី ស្ថិតក្នុងតំបន់ដ៏ធំនៅភាគខាងជើងទីក្រុង ព័រ អូប្រាំង ជាប់ព្រំប្រទល់ជាមួយសាធារណរដ្ឋដូមីនីក។

យោងតាមអង្គការទេសន្តប្រវេសអន្តរជាតិ (IOM) បានឱ្យដឹងថា «មនុស្សជាង ៥១.០០០ នាក់ នៅក្នុងស្រុក ចំនួន២ បានភៀសខ្លួនចេញនៅក្នុងអំឡុងពេលនេះ។ សាលារៀនជាង៣០កន្លែងក្នុងស្រុកជិតខាងត្រូវបានប្រើប្រាស់ជាទីជម្រកបណ្ដោះអាសន្នសម្រាប់គ្រួសារជនភៀសខ្លួន។ ទោះជាយ៉ាងណា ការកាត់ផ្តាច់ចរន្តអគ្គិសនី ការរំខានដល់បណ្តាញទំនាក់ទំនង និងដំណើរការចូលត្រូវបានរឹតត្បិត ដោយសារវត្តមានរបស់ក្រុមប្រដាប់អាវុធ បន្តរារាំងដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនិងអនាម័យ ហើយដៃគូរដ្ឋាភិបាលកំពុងនាំយកទឹកស្អាតទៅកាន់ទីជម្រកភៀសខ្លួននៅក្រុង Hinche រដ្ឋធានីនៃ តំបន់ភាគកណ្តាល របស់ប្រទេសហៃទី។